ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) បានសាងសង់ដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទរថៃ និងត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានហាយវ៉េ (DOH) ក្រសួងដឹកជញ្ជូនថៃ
សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលចាក់បេតុងតភ្ជាប់នៅថ្ងៃស្អែកនេះ បានសាងសង់ដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទរថៃ ហើយសិក្សា និងត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានហាយវ៉េ (DOH) ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃជាង ១៩លានដុល្លារអាមេរិក។ ក្រៅពីជំនួយ ឥតសំណងពីរាជរដ្ឋាភិបាលថៃលើគម្រោងសាងសង់ស្ពានខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ឯ,ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពាននេះជាស្ពានធំទីមួយដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ ទទឹង ១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ម៉ែត្រ នៅផ្នែកខាងថៃ មានប្រវែង ៤០៥ម៉ែត្រ។ ការសាងសង់ស្ពាននេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយរវាងប្រទេសទាំងពីរសំដៅធ្វើឱ្យប្រសើរឡើងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ។
ដោយឡែកការសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥វិញ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃប្រមាណ ២៦.៤២លានដុល្លារអាមេរិក សម្រាប់សាងសង់អគារច្រកទ្វារត្រួតពិនិត្យព្រំដែន និងផ្លូវតភ្ជាប់, សំណង់អគារអន្តេវាសិកដ្ឋាន, ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ «ឃ្លាំង និងទីលានកុងតែន័រ», ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។
ឯ,ឧ ស៊ុន ចាន់ថុល បានឱ្យដឹងថា ដំណើរការសាងសង់អគារនៅច្រកព្រំដែនថ្មីនេះ គ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៩ នេះតទៅ។ ការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនថ្មីនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បី ជំរុញលើកកម្ពស់ប្រព័ន្ធភស្តុភារកម្មនៅកម្ពុជាផងដែរ៕







