ទេសរដ្ឋមន្ត្រី អៀង មូលី : គណបក្សប្រជាជនកម្ពុជាបន្តឈ្នះ និងបន្តដឹកនាំគឺជាតម្រូវការក្នុងការធានាសន្តិភាព និងការអភិវឌ្ឍ

អត្ថបទដោយ៖
Kien Sereyvuth

បរសេដ្ឋ : នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានក្រុមការ ងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង១៥នៃស្រុកបរសេដ្ឋ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបរសេដ្ឋ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក អាណត្តិទី៣។ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម ប៊ិន សារ៉េត ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាអនុប្រធានទី១ក្រុមការងារចុះជួយស្រុកបរសេដ្ឋ ឯកឧត្តម គង់ រដ្ឋា អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមអស់លោកជាប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយឃុំ និងអស់លោក លោកស្រីជា សមាសភាពក្រុមប្រឹក្សាឃុំទាំង១៥នៃស្រុកបរសេដ្ឋចំនួន៩៦នាក់ផងដែរ។

មានប្រសាសន៍ទៅកាន់ក្រុមប្រឹក្សាឃុំទាំង១៥ ចំនួន ៩៦នាក់ដែលជាអង្គបោះឆ្នោតជ្រើសរើសសមាជិក ក្រុមប្រឹក្សាខេត្តស្រុក ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា យើងត្រូវការឱ្យគណបក្សប្រជាជនកម្ពុជាបន្តឈ្នះ និងបន្តដឹកនាំ ព្រោះជាតម្រូវការក្នុងការធានាសន្តិភាព និងការអភិវឌ្ឍ។ តាមប្រវត្តិសាស្ត្រជាង៥០០ឆ្នាំកន្លងមក យើងមានសង្រ្គាមអត់ឈប់ទេ។ សម័យសង្គមរាស្ត្រ និយមមានសន្តិភាពបាន១៥ឆ្នាំ។ បន្ទាប់មក លន់ នល់ ផ្តួលរំលំសង្គមរាស្រ្តនិយមឡើងកាន់អំណាចបាន៥ឆ្នាំ ហើយប៉ុល ពតផ្តួលរំលំបន្តទៀត និងកាន់អំណាចបានតែ៣ឆ្នាំ៨ខែ២០ថ្ងៃ។

យើងសព្វថ្ងៃមានសន្តិភាពជាង២០ឆ្នាំហើយ បើគិតតែត្រឹមឆ្នាុំ ១៩៩៨មក ។ ប្រជាជនអាចធ្វើដំណើរបានគ្រប់ទីកន្លែងដោយសេរី ដោយសារមានសុខសន្តិភាពបរិបូណ៌។ សន្តិភាពគឺជាមូលដ្ឋាននៃការអភិវឌ្ឍ។ បើគ្មានគណបក្សប្រជាជនគឺគ្មានសន្តិភាពនិងការអភិវឌ្ឍ ដូចសព្វ្ឍថ្ងៃនេះឡើយ។ ខេត្តកំពង់ស្ពឺយើងក៏មានវិនិយោគិនចិនចង់មកបោះទុនរាប់ពាន់លានដុល្លារដែរ ។ នោះក៏ដោយសារយើងមានសន្តិភាព ទើបគេចង់បោះទុនវិនិយោគបន្តទៀត។ ខេត្តកំពង់ស្ពឺនៅមានសក្តានុពល។ យើងត្រូវពង្រឹងតួនាទីសន្តិភាព។ ដោយសារសន្តិភាពទើបយើងអាចឈានទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។

បើនិយាយពីការអភិវឌ្ឍ យើងត្រូវគិតថា យើងចេញពីចំណុចសូន្យនៅឆ្នាំ១៩៧៩ គឺយើងក្រទាំងអស់គ្នា គ្មានអ្នកមានទេ ។ អ្នកខ្លះថាយើងជំពាក់ បំណុលគេ តតាមពិត ប្រទេសកាន់តែរីកចម្រើន ក៏អាចមានបំណុលឬជំពាក់គេដែរ បើតាមបទពិសោធន៍ពីប្រទេសជឿនលឿនក្នុងពិភពលោក ។ យើងត្រូវរក្សាឱ្យបានសន្តិភាព ដើម្បីឈានទៅបន្តការអភិវឌ្ឍ។ គណបក្សប្រជាជនកម្ពុជានៅជាមួយប្រជាជនទាំងពេលមានទុក្ខលំបាក និងក្នុងពេលសុខសប្បាយ។ យើងបានរៀបចំចូលឆ្នាំថ្មីដោយរីករាយកន្លងទៅថ្មីៗនេះ។ គណបក្សប្រជាជនបន្តកាន់អំណាចជាការបន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍ។ ឥឡូវ សម រង្ស៊ីមកដល់កូរ៉េ កំពុងរៃអង្គាសលុយហើយប្រកាសថានឹងបន្តមកស្រុកខ្មែរ។ បើមកមែនគឺមានតែយើងទទួលយកទៅដាក់ព្រៃស។ ពួកប្រឆាំងធ្វើនយោបាយបំបែកបំបាក់ លាបពណ៌ និងវាយតម្លៃខុសថាគ្មានប្រជាជនគាំទ្រ។ កម្ពុជាយើងសព្វថ្ងៃបើមានទំនាស់គ្នាគឺត្រូវមើលថា តើបានគោរពរដ្ឋធម្មនុញ្ញហើយឬនៅ? សិទ្ធិមនុស្សបានគោរពហើយឬនៅ? សព្វថ្ងៃមិនមានការបិទសិទ្ធិមនុស្សទេ គឺមានតែការអនុវត្តច្បាប់លើអ្នករំលោភច្បាប់។ សម្តេចតេជោបានសាកល្បងធ្វើអំពើល្អជាមួយយបក្សប្រឆាំងគ្រប់បែបអស់ហើយ តែពួកគេគ្មានគំនិតកសាងសាមគ្គីជាតិ និង ពង្រឹងឯកភាពទេពួកគេ មានតែគំនឹតផ្តួលរំលំរបបយើងតែប៉ុណ្ណោះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ពួកប្រឆាំងគេសង្ឃឹមលើ EBA ។ ប៉ុន្តែសង្ឃឹមខុស ព្រោះពេលដក EBA មិនមែនគេបិទផ្សារឯណា។ ហើយក៏មិនទាន់មានការផ្អាកលែងយកទំនិញពីខ្មែរនោះទេ។ រាជរដ្ឋា ភិបាលបានរកវិធីដោះស្រាយប៉ះប៉ូវសម្រួលដល់ការវិនិយោគនៅស្រុកខ្មែរយើងហើយ។ ជាចំណុចល្អគឺថាយើងនឹងលែងពឹងផ្អែកលើការអនុគ្រោះ។ សព្វថ្ងៃគ្មានកម្លាំងសម្ពាធណាមកបង្ខំឱ្យរាជរដ្ឋាភិបាលធ្វើតាមការគាបសង្កត់ទេ។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានប្រសិទ្ធពរជូនសមាជិកពិធីនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងផ្តាំដល់ក្រុមប្រឹក្សាឃុំទាំងអស់ថា យើងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តឈ្នះ ហើយយើងរក្សាបានសន្តិភាព មានការអភិវឌ្ឍ និងកាន់តែរីកចម្រើន។ គណបក្សប្រជាជនកម្ពុជាយើងមានភារកិច្ចយូរអង្វែងក្នុងការស្តារប្រទេសជាតិ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner