ឆ្លើយតបនឹងការសម្រេចរបស់គណៈរដ្ឋមន្រ្ដីថៃ, កម្ពុជាបានសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ
ភ្នំពេញ៖ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃអង្គារទី៥ ខែឧសភា ឆ្នាំ២០២៦សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងឧឡារឹកថា ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការសម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MoU 2001 (ឬដែលភាគីថៃហៅថា MOU44) ។
សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានបន្តដោយរំលឹកថា ជាង២៥ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MoU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។
សំណេររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកើតឡើងបន្ទាប់ពីគណៈរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រថៃបានអនុម័តនូវសេក្ដីសម្រេចស្ដីពីការបញ្ចប់នូវអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ពាក់ព័ន្ធទៅនឹងការទាមទារត្រួតស៊ីគ្នាក្នុងដែនសមុទ្ររវាងគ្នាកម្ពុជា-ថៃ។
ក្នុងសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី៥ ខែឧសភាបានបញ្ជាក់ថា ថ្ងៃនេះគណៈរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេក្ដីសម្រេចស្ដីពីការបញ្ចប់នូវអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ពាក់ព័ន្ធទៅនឹងការទាមទារត្រួតស៊ីគ្នាក្នុងដែនសមុទ្ររវាងគ្នាកម្ពុជា-ថៃ។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១នេះ គឺជាក្របខ័ណ្ឌតែមួយគត់រវាងប្រទេសទាំងពីរដើម្បីដោះស្រាយដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ នៅបញ្ហាទាមទារត្រួតគ្នាក្នុងដែនសមុទ្ររវាងប្រទេសយើងទាំងពីរ ក៏ដូចជាក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងប្រទេសយើងទាំងពីរ។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសបានបញ្ជាក់បន្ថែមថា “កម្ពុជាចាត់ទុកថា ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សរណៈឆ្នាំ២០០១នេះ គឺជាការដើរចេញពីឆន្ទៈនយោបាយដែលសម្រេចឱ្យប្រទេសយើងទាំងពីរកំណត់នូវក្របខ័ណ្ឌមួយក្នុងការដោះស្រាយដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាដូចបានជម្រាបជូនខាងលើពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នា និងការដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយគ្នាផង។
លើបណ្ដាញសង្គមដដែលសម្ដេចធិបតីបានបន្តថា ជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះគឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលបង្កើតឱ្យមានក្របខ័ណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទសវត្សកន្លងមកនេះ។
សម្ដេចធិបតីបញ្ជាក់ទៀតថា ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនុះទេ។
នៅចុងបញ្ចប់នៃសំណេរ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានគូសរំលេចថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតអោយប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ៕
ដោយ៖ទួន សុផល , វណ្ណ លុក
