អេមីរ៉ាត អារ៉ាប់រួម ដកខ្លួនចេញពីក្រុមប្រទេសនាំចេញប្រេងធំមួយទៀត
អាប៊ុយដាប៊ី ៖ ប្រទេស អេមីរ៉ាត អារ៉ាប់រួម បានសម្រេចដកខ្លួនចេញពីអង្គការនៃក្រុមប្រទេសអារ៉ាប់ដែលនាំចេញប្រេង OAPEC មួយទៀត នៅប៉ុន្មានថ្ងៃ ក្រោយពេលដែលប្រទេសមួយនេះ ប្រកាសចាកចេញពីអង្គការ នៃប្រទេសនាំចេញប្រេង OPEC។
អង្គការ OAPEC បានចេញសេចក្តីដំណឹង អំពីការដកខ្លួននេះ ខណៈដែលអេមីរ៉ាត អារ៉ាប់រួម ប្រកាសចាកចេញ ដើម្បីផ្តោតអាទិភាពទៅលើការបង្កើនទិន្នផលប្រេងរបស់ខ្លួនឯងផ្ទាល់។
បើតាម រយធឺ, អង្គការ OAPEC ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៦៨ ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រទេសអារ៉ាប់ដែលនាំចេញប្រេង។
ការចាកចេញរបស់ អេមីរ៉ាត អារ៉ាប់រួម នឹងធ្វើឱ្យចុះខ្សោយការគ្រប់គ្រងរបស់ OPEC លើប្រេងផ្គត់ផ្គង់របស់ពិភពលោក ហើយពង្រីកភាពរកាំរកូសរវាង អេមីរ៉ាត អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ដែលជាមេដឹកនាំ OPEC និងជាអ្នកផលិតប្រេងធំជាងគេបង្អស់។
យ៉ាងណា លោក Sultan Al Jaber, រដ្ឋមន្ត្រី អេមីរ៉ាត អារ៉ាប់រួម ដែលជាប្រធានក្រុមហ៊ុនប្រេងរដ្ឋ បាននិយាយថា ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងការចាកចេញពី OPEC គឺមិនផ្តោតលើនរណាម្នាក់នោះទេ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
