អាមេរិកប្រកាសបិទបញ្ចប់ប្រតិបត្តិការវាយលុកលើអុីរ៉ង់
វ៉ាស៊ីនតោន ៖ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា ប្រទេសរបស់ខ្លួនបិទបញ្ចប់ប្រតិបត្តិការវាយលុក ប្រឆាំងនឹងអ៉ីរ៉ង់ជាស្ថាពរ ប៉ុន្តែ ឆ្លៀតព្រមានថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការឆ្លើយតបយ៉ាងចាស់ដៃ បើមានការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម ក្នុងតំបន់ច្រកសមុទ្រ Hormuz។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅឯសេតវិមាន កាលពីថ្ងៃអង្គារ លោក Rubio បានអះអាងថា សហរដ្ឋអាមេរិកសម្រេចបាននូវកម្មវត្ថុរបស់ខ្លួន នៅក្នុងប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់ ហើយថា ទីក្រុងវ៉ាស៊ីនតោនពេញចិត្តចំពោះជំហានឆ្ពោះទៅរកសន្តិភាព ខណៈលោក ត្រាំ ចង់បានកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក៏បាននិយាយដែរថា សហរដ្ឋអាមេរិកមិនចង់មានជម្លោះទេ ប៉ុន្តែ លោកបានព្រមានថាការវាយប្រហារណាមួយពីអ៉ីរ៉ង់ នឹងត្រូវប្រឈមមុខនឹងការសងសឹកដ៏មហន្តរាយពីយោធាអាមេរិក។
យ៉ាងណា មន្ត្រីយោធាកំពូលម្នាក់របស់សហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងអាមេរិកនៅតែបន្តត្រៀមខ្លួនជានិច្ច ដើម្បីចាប់ផ្ដើមប្រតិបត្តិការ ប្រយុទ្ធឡើងវិញ ប្រសិនបើទទួលបានបញ្ជាពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត