លោក ត្រាំ អះអាងម្តងទៀតថា សហរដ្ឋអាមេរិកកំពុងពិចារណាដកកងទ័ពចេញពីអ៊ីតាលី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី តាមទូរស័ព្ទ កាលពីថ្ងៃ សៅរ៍ ថា រូបលោកកំពុងថ្លឹងថ្លែងលើជម្រើសផ្លាស់ប្តូរទីតាំងកងទ័ពអាមេរិកចេញពីមូលដ្ឋានទ័ពនៅប្រទេសអ៊ីតាលី ក្រោយគំរាមដកទ័ពប្រហែល ៥,០០០ នាក់ចេញពីអាល្លឺម៉ង់ ។
ភាពតានតឹងក្នុងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកនៅតែបន្ត បន្ទាប់ពីលោកប្រធានាធិបតី Trump ថ្មីៗនេះ បានគំរាមកាត់បន្ថយចំនួនកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅអាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី ដោយសារតែមេដឹកនាំប្រទេសទាំងបី ហ៊ាននិយាយរិះគន់សង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ។
ឆ្លើយតបការអះអាងរបស់មេដឹកនាំអាមេរិក អំពីការផ្លាស់ប្តូរទីតាំងកងទ័ព, រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បាននិយាយថា រូបលោកមិនអាចយល់ពីហេតុផលពិតប្រាកដនៅពីក្រោយការសម្រេចចិត្តបែបនេះនៅឡើយទេ ។
យោងតាមទិន្នន័យពីក្រសួងការពារជាតិអាមេរិក បានបង្ហាញថា គិតត្រឹមចុងឆ្នាំ ២០២៥ កងទ័ពអាមេរិកប្រហែល ១២,៧០០ នាក់កំពុងឈរជើងជាអចិន្ត្រៃយ៍នៅអ៊ីតាលី ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាទីតាំងមានវត្តមានយោធាអាមេរិកធំជាងគេទីពីរនៅអឺរ៉ុប បន្ទាប់ពីអាល្លឺម៉ង់ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
