មេដឹកនាំអាល្លឺម៉ង់ ៖ អឺរ៉ុបចង់ចែករំលែកផែនការបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក
ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយកាលពីថ្ងៃ សៅរ៍ ថា សហភាពអឺរ៉ុបចង់រក្សាសម្ព័ន្ធភាពណាតូឱ្យនៅតែរឹងមាំ និងចែករំលែកផែនការបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក ទោះបីជាមានការខ្វែងគំនិតក៏ដោយ ។
ភាពតានតឹងរវាងរដ្ឋបាលរបស់លោក Trump និងដៃគូណាតូអឺរ៉ុបបានបង្កើនសំណួរអំពីអនាគតរបស់ណាតូ ។ ក្នុងនោះរួមមានការរិះគន់របស់អាមេរិកចំពោះអឺរ៉ុប ជុំវិញការចំណាយលើវិស័យការពារជាតិ និងបញ្ហាគោលនយោបាយអន្តោប្រវេសន៍ ។
ជាពិសេស ភាពតានតឹងរវាងអាមេរិក និងអាល្លឺម៉ង់ ព្រមទាំងប្រទេសអឺរ៉ុបផ្សេងទៀត ដែលបានបដិសេធមិនគាំទ្រសង្គ្រាមអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ ។
យ៉ាងណា អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានអះអាងក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson កាលពីថ្ងៃ សៅរ៍ ថា ប្រទេសរបស់លោកពិតជាមានឆន្ទៈ ក្នុងការរក្សាសម្ព័ន្ធភាពនេះឲ្យនៅតែរឹងមាំគង់វង្សទៅថ្ងៃអនាគត ខណៈដែលស៊ុយអែត និងហ្វាំងឡង់បានពង្រឹងសសរស្តម្ភអឺរ៉ុបនៃសម្ព័ន្ធភាពនេះ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

