លោក ម៉ាក្រុង ប្រកាសសហការជាមួយ អ៊ីរ៉ង់ បញ្ជូននាវាចម្បាំង បារាំង ទៅច្រកសមុទ្រហ័រមូស
ណៃរ៉ូប៊ី ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉ារីស នឹងសហការជាមួយប្រទេសអ៊ីរ៉ង់ លើការបញ្ជូននាវាចម្បាំង ទៅកាន់ច្រកសមុទ្រ ហ័រមូស ខណៈលោកច្រានចោលចំពោះការលើកឡើងថា សកម្មភាពដាក់ពង្រាយយោធាបារាំង ធ្វើឡើងជាឯកតោភាគី ដោយគ្មានការពិគ្រោះយោបល់ជាមួយទីក្រុងតេហេរ៉ង់ ។
ថ្លែងប្រាប់សន្និសីទសារព័ត៌មាន ជាមួយប្រធានាធិបតីប្រទេស កេនយ៉ា នៅក្នុងទីក្រុងណៃរ៉ូប៊ី, លោក Macron រៀបរាប់ថា «ការដាក់ពង្រាយ របស់បារាំង នៅច្រកសមុទ្រ Hormuz មិនដែលគិតធ្វើ ដោយគ្មានការសម្របសម្រួល ជាមួយអ៊ីរ៉ង់ នោះទេ» ។
ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រ គ្របដណ្តប់ការដឹកជញ្ជូន ប្រេង និងឧស្ម័ន មួយភាគប្រាំ របស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង បន្ទាប់ពីសហរដ្ឋអាមេរិក និង អ៊ីស្រាអែល បានបើកការវាយប្រហារ ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។
ទោះជាយ៉ាងណាក៏ដោយ លោក Macron បានរំលឹកឡើងវិញថា ប្រទេសបារាំង ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយឲ្យច្រក Hormuz មានចរាចរណ៍ផ្លូវសមុទ្រឡើងវិញ នៅក្នុងការសម្របសម្រួល ជាមួយអ៊ីរ៉ង់ ។
បើតាម Anadolu, ការថ្លែងរបស់លោក Macron បានកើតឡើង ខណៈដែលអ៊ីរ៉ង់បានព្រមានចំពោះវត្តមានរបស់កងទ័ពជើងទឹកបារាំង និង អង់គ្លេស នៅក្បែរច្រកសមុទ្រមួយនេះ។
លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និយាយថា ការដាក់ពង្រាយកងទ័ពជើងទឹករបស់បារាំង ឬ អង់គ្លេស ទាំងនៅក្នុង ឬជុំវិញច្រកសមុទ្រ Hormuz នឹងប្រឈមការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងភ្លាមៗ ពីកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ។
ជុំវិញការដាក់ពង្រាយនាវាផ្ទុកយន្តហោះបារាំង Charles de Gaulle ឆ្ពោះទៅសមុទ្រក្រហម និង ឈូងសមុទ្រ Aden , លោក Kazem បញ្ជាក់ថា ចលនាបែបនេះតំណាងឱ្យការកើនឡើងនៃវិបត្តិ និង ការធ្វើយោធាលើផ្លូវទឹក ដ៏គួរឲ្យព្រួយបារម្ភ ។
ក្រសួងកងកម្លាំងប្រដាប់អាវុធបារាំង ប្រកាស កាលពីថ្ងៃពុធថា នាវាចម្បាំង Charles de Gaulle និងនាវាអមដំណើររបស់ខ្លួន បានឆ្លងកាត់ព្រែកជីក Suez កាលពីថ្ងៃទី ៦ ខែឧសភា ក្នុងដំណើរឆ្ពោះទៅសមុទ្រក្រហមភាគខាងត្បូង ។
ក្រសួងនិយាយថា ការដាក់ពង្រាយនៅជិតឈូងសមុទ្រ មានគោលបំណង វាយតម្លៃបរិយាកាសប្រតិបត្តិការក្នុងតំបន់ ដើម្បីប្រមើលមើល អំពីការបង្កើតបេសកកម្មដែនសមុទ្រពហុជាតិ ៕
ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត