លោក ហ្សេលេនស្គី ជឿថា លោក ពូទីន ពិតជាចង់ជួបគ្នាចរចាបញ្ចប់សង្គ្រាម
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបង្ហាញពីការជឿជាក់ដ៏កម្រមួយថា លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ពិតជាត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចប្រជុំកំពូល ដើម្បីចរចាបញ្ចប់សង្គ្រាមដែលអូសបន្លាយជាង ៤ ឆ្នាំមកនេះ ។
ការអះអាងនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Putin ទទូចថា លោកចង់ជួបលោក Zelensky ដោយផ្ទាល់ នៅប្រទេសទីបី ណាមួយ ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព រយៈពេលវែង ដោយមិនបន្សល់ទុកបញ្ហាសេសសល់ ដូចការចរចានាពេលបច្ចុប្បន្ននោះទេ ។
ថ្លែងក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃអាទិត្យ, លោក Zelensky និយាយថា “ទីបំផុត លោក Putin បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចប្រជុំពិតប្រាកដ ដើម្បីបញ្ចប់សង្រ្គាមមួយនេះ” ។
បើតាម MSN, នេះគឺរឿងដ៏កម្រមួយ ដែលមេដឹកនាំទាំងពីរ ទទួលស្គាល់ជាសាធារណៈ នូវលទ្ធភាពនៃការចូលរួមកិច្ចពិភាក្សាជាមួយគ្នាដោយផ្ទាល់ បើទោះបីជាឧបសគ្គសំខាន់ៗនៅតែកើតមានក៏ដោយ ។
កន្លងមក លោក Putin ក៏ធ្លាប់បានអញ្ជើញលោក Zelensky ទៅជួបចរចាគ្នានៅទីក្រុងមូស្គូផងដែរ ប៉ុន្តែត្រូវបានប្រធានាធិបតីអ៊ុយក្រែនវ័យ ៤៨ ឆ្នាំរូបនេះច្រានចោល ។
ជាមួយគ្នានេះ លោក Zelensky ក៏បានកត់សម្គាល់ផងដែរថា ក្នុងរយៈពេល ២ ថ្ងៃនៃបទឈប់បាញ់ អបអរទិវាជ័យជម្នះ ៩ ឧសភាកន្លងទៅ, រុស្ស៊ី មិនបានវាយប្រហារទ្រង់ទ្រាយធំ លើអ៊ុយក្រែននោះទេ ហើយ ទីក្រុងកៀវ ក៏មិនមានការវាយប្រហារ ដោយកាំជ្រួចមីស៊ីលខ្នាតធំទៅលើរុស្ស៊ីដូចគ្នា ៕
ប្រភពពី MSN, ប្រែសម្រួល ៖ សារ៉ាត