កម្ពុជា-អាស៊ែបៃហ្សង់ ឯកភាពជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់
ក្នុងជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្លាជាមួយឯកឧត្តម អែលឈីន អាមៀរបាយ៉ូវតំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ៃបៃហ្សង់ទទួលបន្ទុកកិច្ចការពិសេស នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអបអរសាទរដ៏កក់ក្ដៅរបស់កម្ពុជា ចំពោះការសម្រេចបាននូវសេចក្តីថ្លែងការណ៍រួម ជាប្រវត្តិសាស្ត្រស្តីពីសន្តិភាព ដែលចុះហត្ថលេខាដោយអាស៊ែបៃហ្សង់ និងអាមេនី ដែលមានឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ជាសាក្សី កាលពីឆ្នាំកន្លងមក។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីវឌ្ឍនភាព ប្រកបដោយភាពវិជ្ជមានក្នុងទំនាក់ទំនងកម្ពុជា-អាស៊ែបៃហ្សង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ភាគីទាំងពីរ បានពិភាក្សាអំពីវិធីសាស្រ្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត លើវិស័យអាទិភាព រួមមាន នយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានឯកភាពជំរុញឱ្យមានការផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌតំបន់ និងអន្តរជាតិ រួមទាំងក្នុងក្របខណ្ឌអង្គការសហប្រជាជាតិផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមតំណាងប្រធានាធិបតី ក៏បានផ្លាស់ប្តូរយោបល់ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម ដោយបានគូសបញ្ជាក់អំពីភាពចាំបាច់ ក្នុងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងគាំទ្រការប្រើប្រាស់វិធីសាស្រ្តការទូត និងផ្លូវច្បាប់សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនគណៈប្រតិភូអាស៊ៃបៃហ្សង់ ផងដែរ ៕
អត្ថបទ៖ វណ្ណលុក




