កម្ពុជាប្រាប់អាម៉េរិកពីការប្តេជ្ញាចិត្តដោយះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានសន្ទនាតាមទូរស័ព្ទជាមួយលោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការនយោបាយ ដើម្បីពិភាក្សាស្វែងរកមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិក បន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ។
យោងតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរ បានស្វាគមន៍ចំពោះការបន្តសន្ទុះជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ហើយបានអះអាងពីការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យការពារជាតិ សន្តិសុខ និងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិក ចំពោះការគាំទ្រលើដំណើរការសន្តិភាពរវាងកម្ពុជា-ថៃ និងបានបញ្ជាក់ឡើងវិញ ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តបទឈប់បាញ់ពេញលេញចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់ នៃការដោះស្រាយជម្លោះ តាមរយៈមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ៕
ដោយ៖ វណ្ណលុក
