ក្រសួងពាណិជ្ជកម្មបណ្តេញប្រធានសាខា ក.ប.ប បាត់ដំបង ពីក្របខ័ណ្ឌមន្ត្រីរាជការ
បន្ទាប់ពីមានប្រតិកម្មខ្លាំងៗពីសម្តេចតេជោ ហ៊ុន សែន ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១៤ឧសភា បានសម្រេចបញ្ចប់មុខតំណែងលោក គឹម ប្រុស ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ក.ប.ប. ខេត្តបាត់ដំបង ព្រមទាំងបានលុបឈ្មោះលោកចេញពីក្របខ័ណ្ឌមន្ត្រីរាជការទៀតផង។
ក្រសួងបញ្ជាក់ថា ការសម្រេចបែបនេះធ្វើឡើងដោយយោងតាមយោបល់របស់ក្រុមប្រឹក្សាវិន័យនៃក្រសួងពាណិជ្ជកម្ម។ ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបងរូបនេះបានបង្ករការថ្នាំងថ្នាក់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងចំណាត់ការប្រឆាំងការលួចនាំចូលទុរេនខុសច្បាប់ពីប្រទេសថៃទៅលក់នៅបាត់ដំបង ដោយកុហកថាជាទុរេននាំមកពីខេត្តកំពង់ចាម ខណៈដែលទុរេនកំពង់ចាមមិនទាន់ដល់រដូវប្រមូលផលផង។
ពេលចុះទៅខេត្តស្វាយរៀងកាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះការពន្យល់របស់លោក គឹម ប្រុស ហើយបានប្រាប់ឲ្យក្រសួងពាណិជ្ជកម្មចាត់វិធានការចំពោះមន្រ្តី ដែលរាយការណ៍កុហកថ្នាក់លើ និងប្រជាពលរដ្ឋ៕