កម្ពុជាបោះជំហានថ្មីលើវិថីឯកភាពជាតិ ជាមួយការលើកលែងទោសអតីតមេបក្សប្រឆាំង
លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង ត្រូវបានប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យលើកលែងទោស កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ នេះគឺជាការវិវឌ្ឍថ្មីមួយនៅក្នុងរបត់នយោបាយកម្ពុជា ដែលទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋាន។
យោងតាមសេចក្តីក្រាបបង្គុំទូលថ្វាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់ព្រះមហាក្សត្រ បានសម្រេចលើកលែងទោសឲ្យលោក កឹម សុខា ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ។
សម្តេចបវរធិបតីនាយករដ្ឋមន្រ្តីបានសរសេរខ្លីនៅលើទំព័រហ្វេសប៊ុកផ្លូវការថា ការលើកលែងទោសដល់លោក កឹម សុខា គឺជាជំហានមួយបន្ថែមទៀតក្នុងការពង្រឹងសាមគ្គីភាព និងឯកភាពជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះជារឿងដ៏គួរឱ្យសាទរ និងជាការបង្ហាញសិល្បៈដឹកនាំ ព្រមទាំងគុណធម៌នយោបាយដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល ជាពិសេស គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកស្នើទៅអង្គព្រះមហាក្សត្រ ដើម្បីសុំការអនុគ្រោះលើកលែងទោសនេះ។ ការដោះលែងនេះធ្វើឡើងក្នុងពេលដែលលោក កឹម សុខា កំពុងមានទុក្ខ ដោយសារម្ដាយរបស់លោកស្ថិតក្នុងភាពចាស់ជរា និងមានជំងឺបៀតបៀន ដែលតម្រូវឱ្យលោកមានពេលថែទាំក្នុងដំណាក់កាលចុងក្រោយ។
ចំណែកលោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះការវិវត្តថ្មីនេះ ដោយលោកបានចាត់ទុកថា នេះជាចំណុចចាប់ផ្តើមដ៏ល្អមួយនៃដំណើរការពង្រឹងសាមគ្គីភាព និងឯកភាពជាតិខ្មែរ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។
លោកបណ្ឌិតបានរំឮកផងដែរថា បើគិតចាប់តាំងពីឆ្នាំ១៩៩៧ មក កម្ពុជាមានប្រវត្តិវប្បធម៌នយោបាយអត់ឱនច្រើនលើកច្រើនសារ ដោយមានឥស្សរជននយោបាយជាច្រើនរូប ដែលធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋធំៗ រួមទាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ផងនោះ ទទួលបានការលើកលែងទោសឱ្យមានសេរីភាពឡើងវិញ។
សូមបញ្ជាក់ថា ការលើកលែងទោសចំពោះលោក កឹម សុខា គឺអនុវត្តចំពោះតែទោសដាក់ពន្ធនាគារ ដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។ ទោសបន្ថែម គឺសំដៅលើការដកហូតជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត ព្រមទាំងបំរាមចាកចេញពីប្រទេសកម្ពុជារយៈពេល៥ឆ្នាំ ដែលទើបកំណត់ដោយសាលាឧទ្ធរហ៍ភ្នំពេញកាលពីចុងខែមេសា កន្លងទៅថ្មីៗនេះ៕
