អនុប្រធានាធិបតីអាមេរិកថា សម្រេចវឌ្ឍនភាពច្រើន ជាមួយអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance អះអាង កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានសម្រេចវឌ្ឍនភាពជាច្រើន ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងហើយ។
យ៉ាងណាមិញ លោក JD Vance ប្រាប់អ្នកសារព័ត៌មាន បន្ថែមទៀតថា លោក ប្រធានាធិបតី Donald Trump មិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការអនុម័តកិច្ចព្រមព្រៀងនេះ នៅឡើយទេ។
ប៉ុន្តែ ប្រភពនានាបានប្រាប់ រយធឺ នៅមុននេះបន្តិចថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងមួយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបន្តបទឈប់បាញ់ របស់ពួកគេ និងដកការរឹតបន្តឹងលើការដឹកជញ្ជូន តាមរយៈច្រកសមុទ្រ Hormuz ទោះបីជាលោក Trump មិនទាន់បានយល់ព្រមក៏ដោយ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បាននិយាយថា មិនទាន់ត្រូវបានសម្រេចជាស្ថាពរ នៅឡើយទេ។
យោងតាមប្រភព ចំនួនបួន ដែលដឹងពីការព្រមព្រៀងគ្នានេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងនឹងបន្តបទឈប់បាញ់ រយៈពេល ៦០ ថ្ងៃទៀត និងអនុញ្ញាតឱ្យចរាចរឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រ ខណៈពេលដែលអ្នកចរចា ដោះស្រាយចំណុចជាប់គាំង ដូចជា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាដើម។
បើតាម CNA, ដំណឹងនៃភាពរីកចម្រើន ក្នុងការចរចានេះ ត្រូវបានបញ្ចេញ នៅបន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បានបាញ់ប្រហារគ្នា ទៅវិញទៅមក ឡើងវិញ ក្នុងរយៈពេល ២ ឬ ៣ថ្ងៃ ចុងក្រោយនេះ ទោះបីជាស្ថិតអំឡុងពេលបទឈប់បាញ់ ក៏ដោយ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
