ស្ទង់មតិ ៖ មនុស្សភាគច្រើននៅ៣៦ប្រទេសអវិជ្ជមានលើអ៊ីស្រាអែល ព្រោះតែលោក Netanyahu
បរទេស ៖ មនុស្សភាគច្រើន នៅក្នុង៣៦ប្រទេស មានទស្សនៈអវិជ្ជមាន ចំពោះអ៊ីស្រាអែល ព្រោះតែមិនទុកចិត្តលើលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ។ នេះបើតាមការស្ទង់មតិ របស់មជ្ឈមណ្ឌលស្រាវជ្រាវអាមេរិក ព្យូ (Pew) ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។
បើតាម Anadolu , ការស្ទង់មតិ ដែលបានធ្វើឡើង នៅថ្ងៃទី៨ ខែកុម្ភៈ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៦ បានរកឃើញថា ជាមធ្យម ៦៧% នៃមនុស្សពេញវ័យ ក្នុងប្រទេសទាំងនោះ មើលអ៊ីស្រាអែលថា ជាប្រទេសមិនអំណោយផល ខណៈដែល ២៥% មានទស្សនៈអំណោយផល។
យ៉ាងណា ទិដ្ឋភាពមានលក្ខណៈអវិជ្ជមានជាពិសេសនេះ មាននៅក្នុងប្រទេស ដែលសម្បូរជនជាតិមូស្លីមភាគច្រើន ដោយបានស្ទង់មតិ រួមមានទាំង នៅបង់ក្លាដែស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន តួកគី ភាគខាងលិច និង ហ្សេរុយសាឡឹម ខាងកើត។
ការស្រាវជ្រាវបង្ហាញថា ភាគច្រើននៅក្នុងប្រទេស ដែលត្រូវបានស្ទង់មតិ បាននិយាយថា ពួកគេមានទំនុកចិត្តតិចតួច ឬ គ្មានការទុកចិត្តសោះ ចំពោះលោក Netanyahu ក្នុងការធ្វើរឿងត្រឹមត្រូវ ទាក់ទងនឹងកិច្ចការពិភពលោក។
ប៉ុន្តែ កេនយ៉ា និងហ្វីលីពីន គឺជាប្រទេស ដែលសាធារណជនគេ ជាងពាក់កណ្តាលបង្ហាញទំនុកចិត្ត លើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល។
ការស្ទង់មតិនេះ ធ្វើឡើង ចំពេលដែល លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិងកំពុងដឹកនាំប្រទេស ច្បាំងជាមួយបណ្តាប្រទេសនិងតំបន់ រួមមាន នៅហ្គាហ្សា, លីបង់ និង ក្នុងសង្គ្រាមស្រាក់ដៃគ្នា ជាមួយអាមេរិក ប្រឆាំងលើអ៊ីរ៉ង់៕
ប្រភព Anadolu ៖ ប្រែសម្រួល ៖ សារ៉ាត
