ចាប់ខ្លួនក្រុមចោរប្លន់៤នាក់ក្នុងចំណោមបក្ខពួក៥នាក់ បន្ទាប់ពីធ្វើសកម្មភាព វាយប្លន់ម៉ូតូនៅពេលយប់បានសម្រេច
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ បានឃាត់ខ្លួន ជនសង្ស័យវាយប្លន់៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់នៅក្នុងផ្ទះសំណាក់មហាលាភ បន្ទាប់ពីពួកគេធ្វើសកម្មភាពស្ទាក់វាយប្លន់ម៉ូតូមួយគ្រឿងបានសម្រេចកាលពីយប់ រួចយកម៉ូតូទៅលាក់ទុកហើយមកសម្ងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់មហាលាភ។
ក្នុងប្រតិបត្តិការចាប់ខ្លួនក្រុមចោរប្លន់នេះ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះសំណាក់មហាលាភ ស្ថិតនៅតាមផ្លូវលេខ២៧៣ ក្រុម១ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។ មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះចាន់ សម្ភស្ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី២)ឈ្មោះ គ្រឿន ធារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទី៣)ឈ្មោះ សៅ មករា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិ២ សង្កាត់ជ្រោយចង្វារ និងទី៤)ឈ្មោះ ម៉ាត់ ម៉ានស៊ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិ២ សង្កាត់ជ្រោយចង្វារ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ គង់ សារី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់បន្ទប់ជួលភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ម៉ូតូដែលក្រុមជនសង្ស័យប្លន់ម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1HF-1348 ត្រូវបានដកហូតប្រគល់ឲ្យម្ចាស់វិញ។
តាមមន្ត្រីនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងទៀតថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង១និង៣០នាទីយប់ចូលថ្ងៃទី១៦ ខែមេសា នៅផ្លូវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯង ធ្វើដំណើរតាមផ្លូវលេខ៧០ ក្នុងទិសដៅពីកើតទៅលិច។ នៅពេលធ្វើដំណើ រមកដល់កន្លែងកើតហេតុស្រាប់តែជនសង្ស័យមានគ្នា ចំនួន៥នាក់ជិះម៉ូតូចំនួន៣គ្រឿងមកកៀរ ស្ទាក់ផ្លូវ វាយទៅលើជនរងគ្រោះប្លន់យកម៉ូតូបានសម្រេច ហើយគេចខ្លួនបាត់។ នៅម៉ោងប្រមាណ៧ព្រឹក ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែ១។ បន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងនគរបាលខណ្ឌឬស្សីកែវ ធ្វើការស្រាវហើយ ឈានទៅឆែកឆេរបន្ទប់ផ្ទះសំណាក់មហាលាភ និងឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ដែលកំពុងតែសម្ងំលាក់ខ្លួន។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ច បានសហការជាមួយនគរបាលប៉ុស្តិ៍ជ្រោយចង្វារ ដកហូតបានម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យប្លន់បានយកទៅលាក់ទុកក្នុងដីឡូតិ៍មួយកន្លែងក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង៤ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីកសាងសសំណុំរឿងចាត់ការតាមច្បាប់៕ម.ន