អ្នកស្រុកស្វាយចេកសង្ឃឹមថា ក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធទទួលស្គាល់ និងផ្តល់កម្មសិទ្ធិបញ្ញា ដល់ «របាំបេះផ្កាកកោះ»

ខេត្តបន្ទាយមានជ័យ៖ អ្នកស្រុកម្ចាស់សង្ឃឹមថា «របាំបេះផ្កាកកោះ» នេះ មន្ត្រី អាជ្ញាធរដែនដី និង មន្ត្រីវប្បធម៌ សង្ឃឹមថា ក្រោយបានរៀបចំទំនឹមទំនៀមរាំបេះផ្កាកកោះ នេះ ទៅជាទម្រង់របាំ និង បានសម្តែងជាផ្លូវការលើកនេះ គេនឹងដាក់សំណើដើម្បីសុំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង ពាក់ព័ន្ធ ទទួលស្គាល់ ផ្តល់កម្មសិទ្ធិបញ្ញា។

«របាំបេះផ្កាកកោះ» របស់អ្នកស្រុកស្វាយចេក ត្រូវបានសម្តែងជាផ្លូវការលើកដំបូងក្នុងពិធីបើក សង្ក្រាន្តបន្ទាយឆ្មារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ គ . ស ២០១៩ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ក្រោមអធិបតីភាពឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ ដោយមានឥស្សរជន ជាសមាជិក ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រធាន សមាជិក ក្រុមប្រឹក្សា ខេត្ត អភិបាល អភិបាលរង ខេត្ត ព្រមទាំងមន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋយ៉ាងច្រើនចូលរួម។

អំពីប្រវត្តិនៃ «របាំបេះផ្កាកកោះ» នេះ ចាស់ព្រឹទ្ធាចារ្យ នៅឃុំស្វាយចេក ឃុំរលួស និងឃុំទ្រាស បានប្រាប់ឲ្យដឹងថា របាំនេះ យកតាមលំនាំនៃទំនឹមទំនៀមពិធីបេះផ្កាកកោះថ្វាយព្រះ ក្នុងអំឡុងចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឬ ថ្ងៃឡើងស័ក ដែលអ្នកស្រុកត្រូវស្រង់ព្រះ និងថ្វាយផ្កា។
ប្រភពបានបន្តថា ការបេះរាំច្រៀង និងថ្វាយផ្កាកកោះនេះ មានតំណាលថា នាថ្ងៃមួយ ក្នុងចុងខែ ចែ ត្រ និងដើមខែពិសាខ ក្តៅហួតហែង ក្នុងពុទ្ធប្រវត្តិ ព្រះសម្មាសម្ពុទ្ធ ទ្រង់យាងនិមន្តកាត់ព្រៃ ហើយ ដាច់ចង្ហាន់ និងទឹក តែក៏បានជួបក្រុមអ្នកស្រុកកំពុងនាំគ្នាបេះផ្កាកកោះ និងរាំជុំវិញដើម ទើបទ្រង់ ប្រោសទទួលចង្ហាន់ ទឹក និងផ្កាកកោះបូជាពីអ្នកស្រុក និងប្រោះព្រំពរជ័យ។

ពោលគឺអត្ថន័យនៃ «របាំបេះផ្កាកកោះ» នេះ មាន ៣ ជាសំខាន់គឺ ទី១)បេះផ្កាឧទ្ទិសថ្វាយដល់ ព្រះសម្មាសម្ពុទ្ធ ទី២)ពិធីបួងសួងសុំទឹកភ្លៀង និងភោគផលដំណាំស្រែចម្ការ ឬពិធីសែនស្រែចម្ការ សេចក្តីសុខ ចម្រើន ក្នុងឆ្នាំថ្មី និងទី៣)ការសប្បាយរីករាយរបស់អ្នកស្រុក ក្នុងរាប់អាន រួបរួមសាមគ្គី ជួយគ្នា។

ការរៀបចំរបាំ ដែលធ្លាប់តែអ្នកស្រុកអាយ នៅស្រុកស្វាយចេកនេះ នាំគ្នារាំនៅតាមវាលស្រែចម្ការ និងព្រៃជុំវិញដើមកកោះ ដែលចេញផ្កាក្រអូបប្រហើរនេះ មកជាទម្រង់ជាលក្ខណៈរបាំ មានក្បូន គឺ បានកិច្ចសហការពីព្រឹទ្ធចារ្យ ក្នុងភូមិជាមួយអាជ្ញាធរដែនដី ជំនាញវប្បធម៌ និងវិចិត្រសិល្ប: និង មជ្ឈមណ្ឌលបណ្តុះបណ្តាលវប្បធម៌ខ្មែរ ឬហៅសាលាល្ខោនស្បែក នៃអង្គការគ្រួសារថ្មី ខេត្តបន្ទាយមានជ័យ៕ ម.ន

ដោយ៖ឃិន គន្ធា

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner