លោក ណេតាន់យ៉ាហ៊ូ ប្រកាសទុកមុនថា អ៊ីស្រាអែលមិនពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិភាព អាមេរិក-អ៊ីរ៉ង់
ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីជើងខ្លាំងធ្វើសង្គ្រាម របស់អ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសទុកជាមុនថា ប្រទេសរបស់លោកគ្មានអ្វីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពណាមួយ រវាងអាមេរិក និងអ៊ីរ៉ង់ នោះទេ។
ការអះអាងនេះ ធ្វើឡើង បន្ទាប់ពីប៉ុន្មានថ្ងៃ ដែលមេដឹកនាំរូបនេះ បានអះអាងថា អ៊ីស្រាអែលសុខចិត្តធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ទ្រង់ទ្រាយធំតែម្នាក់ឯង ក៏បាន បើទោះបីជា អាមេរិកដកខ្លួន ក៏ដោយ។
បន្ទាប់ពីជជែកតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីកិច្ចព្រមព្រៀងដែលត្រៀមចុះហត្ថលេខា ជាមួយប្រទេសអ៊ីរ៉ង់, លោក Netanyahu បញ្ជាក់ថា «អ៊ីស្រាអែល មិនមែនជាភាគី ស្ថិតនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះទេ» ។
យ៉ាងណា ការិយាល័យរបស់លោក Netanyahu បានសម្តែងសុទិដ្ឋិនិយមចំពោះ MOU នេះ ដោយបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ពេញចិត្តចំពោះការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី Trump ដែលកិច្ចព្រមព្រៀងចុងក្រោយនេះឈានដល់ការដកចេញនូវសម្ភារៈបរិក្ខារ, ការរុះរើហេដ្ឋារចនាសម្ព័ន្ធ ផលិតមីស៊ីល ហើយ អ៊ីរ៉ង់បញ្ឈប់ការគាំទ្រ ដល់ដៃជើងប្រដាប់អាវុធរបស់ខ្លួន នៅក្នុងតំបន់។
ប៉ុន្តែ នៅក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ លោក Trump បាននិយាយតែអំពីកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និង ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ប៉ុណ្ណោះ ដោយបានផ្លាស់ប្តូរឆ្ងាយពីការទាមទារ លើបញ្ហាមីស៊ីលផ្លោង ឬ ការគាំទ្រដល់អំពើភេរវកម្ម ខណៈដែលភាគី អ៊ីរ៉ង់និយាយថា ខ្លួនមិនពិភាក្សា លើចំណុចទាំងនេះ នោះឡើយ។
បើតាម Times of Israel , បើទោះបីជា លោក Donald Trump ប្រាប់ថា អាមេរិកបាន “បញ្ចប់សង្គ្រាម” ជាមួយអ៊ីរ៉ង់ បន្ទាប់ពីលុបចោលផែនការវាយប្រហារ ហើយត្រៀមចុះហត្ថលេខានៅអឺរ៉ុបឆាប់ៗនេះក៏ដោយ, ទីក្រុង Tehran បាននិយាយថា ខ្លួនមិនទាន់ឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ជាមួយទីក្រុងវ៉ាស៊ីនតោន នៅឡើយទេ ដោយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បញ្ជាក់ថា សាធារណរដ្ឋអ៊ីស្លាម មិនទាន់សម្រេចចិត្តជាស្ថាពរ ដូចការអះអាងរបស់អាមេរិក នោះទេ៕
ប្រភព ៖ Times of Israel ប្រែសម្រួល ៖ សារ៉ាត