អ៊ីរ៉ង់ ថា កិច្ចព្រមព្រៀងជាមួយអាមេរិក ត្រូវចុះហត្ថលេខា ពីចម្ងាយ
តេហេរ៉ង់ ៖ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានអះអាង កាលពីថ្ងៃសុក្រថា សេចក្តីព្រាងកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក នឹងត្រូវចុះហត្ថលេខា ‘ពីចម្ងាយ’ នៅពេលត្រូវបានបញ្ចប់រួចរាល់ នាប៉ុន្មានថ្ងៃខាងមុខនេះ។
អំឡុងកិច្ចសម្ភាស ជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ លោក Araghchi ក៏និយាយបន្ថែមទៀតថា សេចក្តីព្រាងកិច្ចព្រមព្រៀងនេះ រួមមានទាំង ការរៀបចំលើការគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលជាផ្លូវពាណិជ្ជកម្មសមុទ្រដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័ន ពីឈូងសមុទ្រ។ ក្រៅពីនេះ អ៊ីរ៉ង់ អំពាវនាវឱ្យមានការដកការបិទផ្លូវរបស់កងទ័ពជើងទឹកអាមេរិក លើកំពង់ផែអ៊ីរ៉ង់។
លោក Araghchi ក៏បាននិយាយផងដែរថា មធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយជាមួយនឹងសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់របស់អ៊ីរ៉ង់ គឺ “ធ្វើឱ្យវារលាយ នៅខាងក្នុងប្រទេសអ៊ីរ៉ង់”។ អ៊ុយរ៉ាញ៉ូម ដែលទីក្រុងវ៉ាស៊ីនតោន តែងចោទប្រកាន់ថា ជាផ្នែកមួយនៃកម្មវិធីអាវុធនុយក្លេអ៊ែរ។
កាលពីថ្ងៃសុក្រ ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ ដែលដកស្រង់ប្រភពជិតស្និទ្ធនឹងក្រុមចរចារបស់ប្រទេសនេះ បាននិយាយថា កិច្ចព្រមព្រៀង ក៏នឹងឃើញមានការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលជាប់គាំងចំនួន ២៤ពាន់លានដុល្លារផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត