លោក ពូទីន ៖ អ៊ុយក្រែនបង្កើនការវាយប្រហារដ្រូន ដើម្បីបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយ កាលពីថ្ងៃសុក្រថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនដែលកំពុងកើនឡើង មានគោលបំណងសាបព្រួសភាពច្របូកច្របល់ បំបែកបំបាក់រុស្ស៊ី និងធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ប្រទេស។
ការលើកឡើងនេះ ធ្វើឡើង បន្ទាប់ពីអ៊ុយក្រែនបានវាយលុកយ៉ាងជ្រៅទៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបានវាយប្រហារជាប្រចាំលើរោងចក្រចម្រាញ់ប្រេង និងមជ្ឈមណ្ឌលនាំចេញ របស់ទីក្រុងមូស្គូ។
លោក ពូទីន បានប្រាប់ទាហានរុស្ស៊ី នៅក្នុងកិច្ចប្រជុំវិមានក្រឹមឡាំងថា «គោលដៅរបស់ពួកគេគឺបង្កើតការបែកបាក់នៅក្នុងសង្គមរុស្ស៊ី សាបព្រួសភាពច្របូកច្របល់ និងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច»។
លោកបានបន្ថែមថា «ប៉ុន្តែពួកគេនឹងមិនជោគជ័យឡើយ»។
ការអត្ថាធិប្បាយនេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុង Kyiv បាននិយាយថា ខ្លួនបានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងដ៏ធំមួយដែលមានចម្ងាយជាង ១០០០ គីឡូម៉ែត្រ ពីជួរមុខ។
លោក ពូទីន បានសារភាពថា ការវាយប្រហាររបស់អ៊ុយក្រែនបានបង្ក “ការខូចខាតសេដ្ឋកិច្ច” ប៉ុន្តែបានអះអាងថា “អ្វីៗទាំងអស់ត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស” ។
មានការពិបាកក្នុងការវាយតម្លៃថា តើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីមានការខូចខាតប៉ុនណា។
អ៊ុយក្រែនបានហៅការវាយប្រហារនេះថា ជាការសងសឹក ចំពោះយន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចដែលត្រូវបានបញ្ជូនទៅកាន់ទីប្រជុំជននិងទីក្រុងរបស់អ៊ុយក្រែន ជារៀងរាល់ថ្ងៃ។
ថ្មីៗនេះ លោក ពូទីន បានច្រានចោលការរំពឹងទុកនៃកិច្ចពិភាក្សាទល់មុខគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដើម្បីបញ្ចប់សង្រ្គាមជាង៤ឆ្នាំ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត