ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធពិព័រណ៍សារមន្ទីរស្ថាបនិក សេរីភាព ២៥០ ដើម្បីអបអរសាទរខួប ២៥០ឆ្នាំរបស់សហរដ្ឋអាម៉េរិក

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធពិព័រណ៍សារមន្ទីរស្ថាបនិក សេរីភាព ២៥០ ដើម្បីអបអរសាទរខួប ២៥០ឆ្នាំរបស់សហរដ្ឋអាម៉េរិក ដែលបានរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោក Benjamin Chiang ភារធារីប្រចាំស្ថានទូតអាម៉េរិក តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រឹះស្ថានសិក្សា និងភ្ញៀវកិត្តិយសរបស់ស្ថានទូត ប្រមាណ ៧០រូប នៅមជ្ឈមណ្ឌល AmCam Exchange ដែលមានទីតាំងស្ថិតនៅផ្សារទំនើប Exchange Sqaure។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់ថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកសហរដ្ឋអាម៉េរិក គឺជាដៃគូដ៏មានសារៈសំខាន់ក្នុងដំណើរអភិវឌ្ឍន៍។ ការគាំទ្ររបស់សហរដ្ឋអាម៉េរិកបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យជាច្រើន រួមមាន ការអប់រំ សុខាភិបាលសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច ការដោះមីន ការអភិរក្សវប្បធម៌ និងការពង្រឹងសមត្ថភាពស្ថាប័ន។ បន្ថែមលើនេះ សហរដ្ឋអាម៉េរិក ក៏បានចូលរួមចំណែកក្នុងការកសាងធនធានមនុស្ស តាមរយៈកម្មវិធីផ្លាស់ប្តូរការអប់រំ អាហារូបករណ៍ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងឱកាសអភិវឌ្ឍវិជ្ជាជីវៈ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់សហរដ្ឋអាម៉េរិកក្នុងការបំផុសគំនិតសហគ្រិន ការគាំទ្រធុរកិច្ចថ្មី (startups) និងការលើកកម្ពស់បរិស្ថាននវានុវត្តន៍នៅទូទាំងពិភពលោក។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិក ជាពិសេស លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner