G7 អំពាវនាវឱ្យមានការឆ្លើយតប ចំពោះការផ្ទុះមេរោគ អេបូឡា

ប៉ារីស ៖ មេដឹកនាំប្រទេស G7 កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យមានការឆ្លើយតប “សម្របសម្រួល” ចំពោះការផ្ទុះឡើងនៃមេរោគ អេបូឡា នៅក្នុងប្រទេសកុងហ្គោ និង អ៊ូហ្គង់ដា ដោយព្រមានអំពីហានិភ័យសុខភាព បង្កឡើងពីជំងឺមួយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលគាំទ្រដោយប្រទេសអេហ្ស៊ីប ឥណ្ឌា កេនយ៉ា និង កូរ៉េខាងត្បូង, ប្រទេស G7 ប្រកាសថា «យើងមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតមនុស្ស និង បន្ទុក ដែលជំងឺនេះ កំពុងផ្តល់ផលប៉ះពាល់ដល់សហគមន៍ ហើយ យើងឈរក្នុងសាមគ្គីភាព ជាមួយប្រទេសដែលរងផលប៉ះពាល់» ។

ប្រទេស G7 ក៏បានអំពាវនាវដល់ប្រទេស នៅក្រៅក្រុម ឱ្យចូលរួមចំណែកធនធាន ដើម្បីដោះស្រាយអ្វីដែលខ្លួនបានពណ៌នាថា ជាការគំរាមកំហែងសកល។ មេដឹកនាំ G7 បាននិយាយថា ពួកគេនឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ដើម្បីធានាថា មេរោគដ៏គ្រោះថ្នាក់នេះ មិនរីករាលដាល រួមទាំង ឆ្លងព្រំដែន ផងដែរ។

បើតាម Anadolu, ប្រទេសចំនួន ១០ រួមមាន រវ៉ាន់ដា កេនយ៉ា តង់ហ្សានី អង់ហ្គោឡា ប៊ូរុនឌី សាធារណរដ្ឋអាហ្រ្វិកកណ្តាល សាធារណរដ្ឋកុងហ្គោ អេត្យូពី ស៊ូដង់ខាងត្បូង និង សំប៊ី កំពុងប្រឈមមុខនឹងហានិភ័យនៃការផ្ទុះឡើងនៃមេរោគអេបូឡា ដោយយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក ហៅកាត់ Africa CDC ៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner