ប្រជាជនអ៊ីស្រាអែលភាគច្រើនថា ប្រទេសខ្លួនចាញ់សង្គ្រាមអ៊ីរ៉ង់

ហ្ស៊េរុយសាឡិម ៖ ប្រជាជនអ៊ីស្រាអែល ភាគច្រើន យល់ឃើញថា ប្រទេសរបស់ខ្លួនបានចាញ់ នៅក្នុងសង្គ្រាមអ៊ីរ៉ង់។ នេះបើតាមការស្ទង់មតិថ្មីមួយ របស់សាកលវិទ្យាល័យ Hebrew ស្ថិតនៅក្នុងទីក្រុងហ្ស៊េរុយសាឡិម ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។

បើតាម Anadolu, ការបញ្ចេញរបាយការណ៍នេះ ត្រូវបានបង្ហាញ ចំថ្ងៃតែមួយ ដែលកិច្ចពិភាក្សារវាងអាមេរិក និងអ៊ីរ៉ង់ ត្រូបានបើកធ្វើ នៅរមណីយដ្ឋាន Burgenstock ក្នុងប្រទេសស្វីស ក្រោមក្របខណ្ឌ អនុស្សរណៈនៃការយោគយល់គ្នា របស់ទីក្រុង Islamabad ដែលមានបំណងត្រួសត្រាយផ្លូវ សម្រាប់ការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្រ្គាមអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។ ជាការរៀបចំឡើងវិញ បន្ទាប់ពី កម្មវិធីចុះហត្ថលេខាលើ MOU ត្រូវបានលុបចោល កាលពីថ្ងៃសុក្រ សប្តាហ៍មុន។

យោងតាមការស្ទង់មតិ ដែលធ្វើនៅចន្លោះថ្ងៃទី១៧ ដល់ទី២០ ខែមិថុនា ក្នុងចំណោមអ្នកចូលរួម ជិត ៣,៧០០ នាក់, មាន ៥៦.៤% នៃអ្នកឆ្លើយតប បានពណ៌នាការអនុវត្តន៍របស់លោក នាយករដ្ឋមន្ត្រី Netanyahu ក្នុងអំឡុងសង្គ្រាមថា ជា “បរាជ័យ” ខណៈដែល ២៦.៥% បានវាយតម្លៃជាវិជ្ជមាន។

ការស្ទង់មតិក៏បានរកឃើញដែលថា ៧២.៥% នៃ អ្នកឆ្លើយតប មិនជឿលើការអះអាងរបស់ លោក Netanyahu ដែលថា អ៊ីស្រាអែល សម្រេចបាននូវផលចំណេញច្រើននោះ។

អ៊ីស្រាអែល និងអាមេរិក បានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងបទឈប់បាញ់ បណ្តោះអាសន្នមួយ ដែលបានប្រកាស នៅថ្ងៃទី៨ ខែមេសា មុនពេលទីក្រុងតេហេរ៉ង់ និងក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃពុធ សប្តាហ៍មុន រហូតឈានដល់ការជួបគ្នា នៅទីក្រុងហ្សឺណែវ៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner