«ចរណៃ» ប្រកាសបិទទ្វារឆាប់ៗក្រោយបន្លំលក់ត្រីត្រោតជាត្រីសាល់ម៉ុន ទោះបីត្រីទាំងពីរប្រភេទនេះអាចបរិភោគឆៅបាន
ហាងយីហោ«ចរណៃ» ដែលផ្គត់ផ្គង់ និងចែកចាយត្រីក្លាសេច្រើនប្រភេទ បានប្រកាសបិទទ្វារទាំងស្រុងនៅត្រឹមថ្ងៃទី២២ ខែសីហា ខាងមុខនេះ បន្ទាប់ពីទទួលការរិះគន់យ៉ាងខ្លាំងពីអតិថិជន ដោយសារការលក់ត្រីត្រោតបន្លំជាត្រីសាល់ម៉ុន ហើយរងការពិន័យពី១០លានទៅ២០លានរៀលពីអាជ្ញាធរជំនាញ។ រយៈពេលនៅសល់ជាងមួយខែនេះ ហាងចរណៃសុំលក់បង្ហើយស្តុកដែលមានស្រាប់ និងដើម្បីទុកពេលឱ្យបុគ្គលិកអាចមានពេលគ្រប់គ្រាន់សម្រាប់ស្វែងរកការងារថ្មី។
ហាងចរណៃ បានទទួលស្គាល់កំហុស និងសុំការអភ័យទោសចំពោះទង្វើខុសឆ្គងកន្លងមក។ ទោះបីយ៉ាងណា ហាងនេះបានអះអាងថា ខ្លួនលក់តែត្រីសាល់ម៉ុន និងត្រីត្រោត ដែលនាំចូលពីប្រទេសន័រវែសប៉ុណ្ណោះ ពោលគឺពុំបាននាំចូលពីបណ្តាប្រទេសដទៃដូចការសង្ស័យពីមហាជនមួយចំនួននោះឡើយ។
ក្នុងប្រទេសន័រវែស ត្រីត្រោត ត្រូវបានចិញ្ចឹមនៅក្នុងទឹកជ្រៅ ហើយអាចបរិភោគឆៅបានយ៉ាងមានសុវត្ថិភាព។ ន័រវែស ជាប្រទេសនាំចេញត្រីសាម៉ុន និងអាហារសមុទ្រដ៏ធំបំផុតមួយនៅលើពិភពលោក។
លោក ញិល រដ្ឋា អ្នកជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិ បាននិយាយថា ការលក់ក្លែងបន្លំនេះ មិនត្រឹមតែប៉ះពាល់ដល់ហាងចរណៃប៉ុណ្ណោះទេ តែបានជះឥទ្ធិពលដល់ហាងដទៃទៀត ធ្វើឲ្យបាត់បង់ទំនុកចិត្តពីអតិថិជនជាប្រព័ន្ធតែម្តង។
លោក ម៉ៅ វុត្ថា ម្ចាស់«ផ្ទះត្រីសាល់ម៉ុន» ដែលមានបទពិសោធន៍ក្នុងការនាំចូលត្រីសមុទ្រជាយូរឆ្នាំ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ត្រីសាល់ម៉ុន និងត្រីត្រោត នេះស្ថិតនៅក្នុងអម្បូរតែមួយហៅថា Salmonidae ដែលមានហ្សែន និងរចនាសម្ព័ន្ធរាងកាយ សាច់ស្រដៀងគ្នា និងមានតម្លៃប្រហាក់ប្រហែលគ្នា។ គេអាចសម្គាល់ត្រីសាលម៉ុន ត្រង់ថា មានសណ្ឋានសាច់ស្រាល ស្លេកជាងត្រីត្រោត ដែលមានសាច់ទឹកក្រូចដិតជាងត្រីសាល់ម៉ុន។
ត្រីសាល់ម៉ុន មានពីរប្រភេទ គឺត្រីសាល់ម៉ុនអាត្លង់ទិក និងត្រីសាល់ម៉ុនប៉ាស៊ីហ្វិក។ ដោយឡែក ប្រភេទត្រីត្រោត មាន២ប្រភេទផងដែរ គឺត្រីត្រោតទឹកកក ជាប្រភេទត្រីដែលអាចបរិភោគឆៅដូចគ្នានឹងត្រីសាល់ម៉ុនដែរ និងប្រភេទត្រីត្រោតទឹកសាប គឺមិនអាចទទួលទានឆៅបាននោះទេ ព្រោះវាសម្បូរទៅដោយបាក់តេរី និងបារ៉ាស៊ីត។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានពន្យល់ថា ត្រីសមុទ្រទាំងពីរប្រភេទនេះអាចបរិភោគឆៅបានដូចគ្នា ប្រសិនបើវាមកពីប្រភពដែលអាចទុកចិត្តបាន និងបានឆ្លងកាត់ការរក្សាទុក ការបង្កក និងការកែច្នៃតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារបានត្រឹមត្រូវ។ ត្រីទាំងពីរប្រភេទនេះ សម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ អូមេហ្គា-៣ វីតាមីន D វីតាមីន B12 និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀត ដែលមានប្រយោជន៍ចំពោះសុខភាពបេះដូង ខួរក្បាល និងសុខភាពទូទៅ។
ប៉ុន្តែត្រីសាលម៉ុនត្រូវបានគេនិយមទទួលទានឆៅច្រើនជាងត្រីត្រោតនៅទូទាំងពិភពលោក ជាពិសេសសម្រាប់ធ្វើជាស៊ូស៊ី និងសាស៊ីមី។ មូលហេតុដោយសារតែត្រីសាម៉ុនមានជាតិខ្លាញ់ខ្ពស់ជាង សាច់ទន់ និងមានរសជាតិឆ្ងាញ់ជាងសម្រាប់ការទទួលទានឆៅ។
បើតាម លោក ម៉ៅ វុត្ថា ពេលខ្លះត្រីសាល់ម៉ុនមានតម្លៃថ្លៃជាងត្រីត្រោត ពេលខ្លះទៀតត្រីត្រោតមានតម្លៃថ្លៃជាងត្រីសាល់ម៉ុន ហើយជួនកាលមានតម្លៃស្មើគ្នា ទៅតាមតម្រូវការ និងរដូវកាលប្រមូលផល។ លោកបានបន្ថែមថា ត្រីសាល់ម៉ុន ដែលមានលក់នៅទីផ្សារកម្ពុជា ភាគច្រើននាំចូលពីប្រទេសន័រវែស កាណាដា អូស្ត្រាលី ឈីលី និងអាមេរិក៕
សៅ សុខអេង




