វៀតណាមប្រកាសបន្តគាំទ្រការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី
ប្រទេសវៀតណាមនៅតែបន្តគាំទ្រការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់។ នេះជាការអះអាងរបស់ឧត្តមសេនីយ៍ទោ វូ ហុងសឺន (VU HONG SON) មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសកងទ័ពប្រជាជនវៀតណាម ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។
បើតាមទំព័រហ្វេសប៊ុករបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ទោ VU HONG SON បានបញ្ជាក់ថា វៀតណាមកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី។
ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអរគុណចំពោះវៀតណាមដែលបានគាំទ្របទឈប់បាញ់ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានចាត់បញ្ជូននាយទាហានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ទៀតផង។
ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើឲ្យវៀតណាមបន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃឱ្យបានយូរអង្វែង។
ក្នុងរយៈពេល ៦ខែកន្លងមកនេះ កម្ពុជាបានផ្ញើកំណត់ទូតយ៉ាងហោចណាស់ចំនួន ៩លើកទៅកាន់ភាគីថៃ ដើម្បីស្នើសុំរៀបចំកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះព្រំដែនគោក (JBC) និងទទូចឲ្យថៃចាត់បញ្ជូនក្រុមការងារបន្តចុះវាស់វែងលើដីជាក់ស្តែង ប៉ុន្តែភាគីថៃបានរកលេសពន្យារពេលម្តងហើយម្តងទៀត។ ជាងនេះទៅទៀត ថៃបានព្យាយាមកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅលើដីខ្មែរ ដែលខ្លួនទន្រ្ទានកាន់កាប់ ទោះបីជាមានការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាពីកម្ពុជាក៏ដោយ៕
សេង បារាំង AMS