រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុករយៈពេល ២ឆ្នាំទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ឆ្នាំទៀត គឺរហូតដល់ដំណាច់ឆ្នាំ២០២៨។ ការប្រកាសនេះធ្វើឡើងនៅពេលសម្ដេចអនុញ្ញាតឲ្យអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតីរំលឹកថា រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារនេះជូនសហគ្រាសផលិតស៊ីម៉ងត៍ក្នុងស្រុកជាច្រើនឆ្នាំកន្លងមកហើយ ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ។ សម្ដេចសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់ក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជា គឺជាការផ្សព្វផ្សាយប្រកបដោយសក្ដានុពលបំផុត ក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា។
ជាមួយគ្នានេះ សម្ដេចក៏បានផ្ដល់អនុសាសន៍ដល់សមាគម ក៏ដូចជាបណ្តាក្រុមហ៊ុន, រោងចក្រ និងសហគ្រាសឯកជនថា អ្នកផលិតត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការធានាបាននូវគុណភាពល្អ ជាមួយតម្លៃសមរម្យ ដើម្បីធានាបានភាពប្រកួតប្រជែង និងទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុក ដែលបាននិងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
អ្នកឧកញ៉ា វិញ ហ៊ួរ បានជម្រាបជូនសម្ដេចធិបតីថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែលជាសមាជិកសមាគមបាននិងកំពុងបោះទុនវិនិយោគសរុបប្រមាណ ១ ២០០លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍សរុបបានប្រមាណ ១២លានតោនក្នុងមួយឆ្នាំ ដែលជាបរិមាណគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដោយមិនចាំបាច់នាំចូល។ ការវិនិយោគទាំងនេះបានបង្កើតការងារសម្រាប់បុគ្គលិក និងកម្មករសរុបចំនួនជាង ២ ០០០នាក់ ក្នុងនោះ ៩០%ជាជនជាតិខ្មែរ។
បើតាមអ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលរូបនេះ សមាជិកសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជាបានផ្គត់ផ្គង់ស៊ីម៉ងត៍នៅទីផ្សារក្នុងស្រុកសរុបពី ៨ទៅ៩លានតោនក្នុងមួយឆ្នាំ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប្រមាណ ៨៥%នៃខ្សែច្រវាក់ផលិតកម្មស៊ីម៉ងត៍ ដែលការណ៍នេះជួយរក្សាបាននូវភាពប្រកួតប្រជែងរបស់សមាគមផងដែរ៕
សេង បារាំង និងវណ្ណលុក







