លោក Trump សរសើរ លោក Zelensky ថា ធ្វើបានល្អ លើការប្រឆាំងរុស្ស៊ី

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកោតសរសើរ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ថា កំពុងធ្វើបានល្អ ប្រឆាំងទប់ទល់នឹងរុស្ស៊ី។

អំឡុងការថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval ពេលមានវត្តមាននៅជាមួយប្រធានអង្គការ ណាតូ កាលពីថ្ងៃពុធ, លោក Donald Trump និយាយថា សមភាគីអ៊ុយក្រែនរបស់លោក គឺ លោក Volodymyr Zelensky ដែលលោកធ្លាប់បាននិយាយថា ខ្វះ «សន្លឹកបៀ» ដើម្បីឈ្នះនោះ កំពុងធ្វើបានល្អ ក្នុងសង្គ្រាមប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដែលឈ្លានពាន។

ប្រធានាធិបតីអាមេរិក រូបនេះ បញ្ជាក់ថា « Zelensky កំពុងធ្វើបានល្អ…យ៉ាងហោចណាស់ គាត់កំពុងតស៊ូ…មនុស្សជាច្រើនបានស្លាប់ ទាំងសងខាង ប៉ុន្តែ ខ្ញុំគិតថា គាត់កំពុងធ្វើបានល្អ»។

ការអះអាងនេះ ធ្វើឡើង ចំពេលដែលប្រទេសទាំងពីរ បានបង្កើនការវាយប្រហារគ្នាជាថ្មី នាប៉ុន្មានថ្ងៃមកនេះ ខណៈដែលការចរចាបញ្ចប់សង្គ្រាម ហាក់ជាប់គាំង។

ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានចាប់ផ្តើមឆាបឆេះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានគេចាត់ទុកថា ជាជម្លោះយោធាដ៏ធំបំផុត នៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner