សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅចិន
តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែមិថុនានេះ។
សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ រួមមាន៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល ។
តាមគម្រោង សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយលោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន ព្រមទាំងលោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ។
ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្រសួងការបរទេសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែជោគជ័យបន្ថែមទៀត ៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត








