ក្រសួងមហាផ្ទៃជំរុញអាស៊ានពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ត្រូវខិតខំរួមគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទប់ស្កាត់និងបង្ក្រាបរាល់ទម្រង់នៃបទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងបទល្មើសផ្សេងៗទៀត ជាពិសេសគឺ ការឆរបោកតាមអនឡាញ ។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងនៅខេត្តសៀមរាប ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តមគូសបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ បទល្មើសឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានហក់ឡើងជាហានិភ័យដ៏ធ្ងន់ធ្ងរសម្រាប់តំបន់ទាំងមូល។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ អាស៊ានក៏បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូធំៗរួមមាន ចិន ជប៉ុន និងកូរ៉េ ក្នុងក្របខ័ណ្ឌអាស៊ាន សំដៅបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងព្រំដែន ព្រមទាំងការងារកុងស៊ុល តាមរយៈការផ្លាស់ប្តូរព័ត៌មានសម្ងាត់ និងការបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់។
ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានកិច្ចប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ បានរំឮកថា ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ មក វេទិកានេះបានប្រែក្លាយជាយន្តការស្នូលដ៏មានឥទ្ធិពល ក្នុងការសម្រួលដល់ការធ្វើដំណើរ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។
សម្រាប់រយៈពេលជិត ៣០ឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានរួមដំណើរជាមួយសមាជិកអាស៊ានទាំងអស់ ក្នុងការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ដើម្បីការពារសហគមន៍ឱ្យចាកផុតពីការគំរាមកំហែងនានា។
សម្រាប់កម្ពុជា យុទ្ធនាការទូទាំងប្រទេសប្រឆាំងនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវអនុវត្តដោយមិនបន្ធូរដៃឡើយ។ គ្រាន់តែក្នុងរយៈពេលពីរសប្ដាហ៍ដើមខែមិថុនានេះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សជាង ១ ៣០០នាក់ មកពី ១៦ សញ្ជាតិ នៅក្នុងប្រតិបត្តិការនៅតាមទីតាំងចំនួន ៧៨ ក្នុងរាជធានី-ខេត្តចំនួន ១២។ ក្រៅពីនេះ អាជ្ញាធរក៏បានចាប់ខ្លួនមេខ្លោង និងបក្ខពួកចំនួន ១៦ នាក់ ដែលជាអ្នកឃ្លាំមើលនេះ និងផ្តល់ដំណឹងដល់ជនល្មើស។ សមត្ថកិច្ចកំពុងបន្តស្វែងរក និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធផ្សេងទៀត៕
ទួន សុផល








