លោក ត្រាំ ថា ណាតូ ធ្វើឲ្យលោកខកចិត្តខ្លាំង ក្នុងសង្គ្រាមអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងថា បណ្តាប្រទេសសមាជិកអង្គការណាតូ ធ្វើឲ្យលោកខកចិត្តខ្លាំង នៅក្នុងសង្គ្រាមអ៊ីរ៉ង់ ព្រោះតែសម្ព័ន្ធយោធាលោកខាងលិចមួយនេះ មិនព្រមលូកដៃ ជួយទីក្រុងវ៉ាស៊ីនតោន អំឡុងជម្លោះមជ្ឈិមបូព៌ា តាំងតែពីដំបូង។
ក្នុងពេលជួបគ្នា នៅឯសេតវិមាន កាលពីថ្ងៃពុធ, លោក Trump បានគូសបញ្ជាក់ប្រាប់ លោក Mark Rutte ប្រធានណាតូ ថា អាមេរិក បានកម្ទេច អ៊ីរ៉ង់ ក្នុងសប្តាហ៍ដំបូងនៃសង្គ្រាម ប៉ុន្តែ ពេលនោះប្រសិនបើ ណាតូ ចូលរួមជួយភ្លាមៗបន្ថែមទៀត ម្ល៉េះ អាមេរិកនឹងឈ្នះយកសង្គ្រាមនេះ ដាច់ស្រេចតែម្តង។
ប្រធានាធិបតីអាមេរិក រូបនេះ បន្តថា នៅក្នុងពេលនោះ ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេបោះបង់ចោល ហើយ លោកបរាជ័យ មិនអាចទទួលបានជំនួយ ដោយសារតែសមាជិករបស់ សម្ព័ន្ធភាពឆ្លងអាត្លង់ទិក មិនគាំទ្រសង្រ្គាម របស់លោក ប្រឆាំងនឹងអ៊ីរ៉ង់។
យ៉ាងណាមិញ ជាការឆ្លើយតប, លោក Rutte បានថ្លែងការពារ ប្រទេសណាតូ ដោយនិយាយប្រាប់លោក ត្រាំ ថា មានយន្តហោះអាមេរិក ចន្លោះ ពី ៤ពាន់ ទៅ ៥ពាន់គ្រឿង បានប្រើប្រាស់មូលដ្ឋាន របស់សមាជិក ណាតូ ដែលស្ថិតនៅទ្វីបអឺរ៉ុប ក្នុងអំឡុងពេលសង្រ្គាមមជ្ឈិមបូព៌ា។
បន្ទាប់មក ប្រធានអង្គការ ណាតូ រូបនេះ បានប្រាប់អ្នកសារព័ត៌មានបន្ថែម បញ្ជាក់ថា លោក Trump នៅតែប្តេជ្ញាចិត្តទាំងស្រុង ចំពោះសម្ព័ន្ធភាព ណាតូ ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ប្រាកដនឹងជួយការពារអឺរ៉ុប ក្នុងករណីមានការវាយប្រហារ។
បើតាម France 24, សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរួមគ្នា វាយប្រហារលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។ ប៉ុន្តែ លោក Trump មិនបានពិគ្រោះ ជាមួយ អង្គការយោធាណាតូ មុនពេលវាយប្រហារនោះទេ ហើយ ភ្លាមៗ នៅពេលនោះ បណ្តាសម្ព័ន្ធមិត្តអាមេរិក នៅអឺរ៉ុប បានសម្តែងការសង្ស័យ ថា តើ គួរតែមានតម្រូវការ សម្រាប់ធ្វើសង្គ្រាមនេះដែរ ឬ យ៉ាងណា។
ការរិះគន់របស់ លោក Donald Trump លើអង្គការ ណាតូ ដែលមិនជួយលោកធ្វើសង្គ្រាមនេះ បានកើតមានឡើង នៅត្រឹមតែ ពីរ សប្តាហ៍ប៉ុណ្ណោះ មុនពេលដែលមេដឹកនាំមកពីបណ្តាប្រទេសសមាជិកណាតូ ចំនួន៣២រូប គ្រោងនឹងមានកិច្ចប្រជុំកំពូល នៅប្រទេសតួកគី ពោលគឺ នៅថ្ងៃទី៧ និង ទី៨ ខែកក្កដា៕
ប្រភព ៖ France 24, ប្រែសម្រួល ៖ សារ៉ាត
