បារាំង និងអ៊ីតាលីចង់បង្កើត សម្ព័ន្ធពហុជាតិសម្រាប់លីបង់
ប៉ារីស ៖ បារាំង និង អ៊ីតាលី ចង់បង្កើតសម្ព័ន្ធចម្រុះជាតិសាសន៍ ដើម្បីស្នងតំណែងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅលីបង់ ហៅកាត់ UNIFIL នេះបើតាមការប្រកាស របស់មេដឹកនាំប្រទេសទាំងពីរ កាលពីថ្ងៃព្រហស្បតិ៍។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា «យើងចង់ចាប់ផ្តើមសម្ព័ន្ធភាព សម្រាប់ការរៀបចំបន្ទាប់ពី UNIFIL នៅក្នុងការសម្របសម្រួល ជាមួយសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដើម្បីពង្រឹងអធិបតេយ្យភាពរបស់ប្រទេសលីបង់ និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន» ។
អំឡុងជំនួបកំពូល នៅទីក្រុងរមណីយដ្ឋាន Antibes ប្រទេសបារាំង នាពេលនោះដែរ, លោកស្រី Giorgia Meloni
នាយករដ្ឋមន្ត្រីអ៊ីតាលី បញ្ជាក់ថា «អ៊ីតាលី និងបារាំង ពិតជាអាចបង្កើត ឲ្យមានភាពខុសគ្នាបាន»។
បើតាម AFP, វត្តមានកងកម្លាំង UNIFIL បានរារាំង លីបង់ និងអ៊ីស្រាអែល មិនឲ្យប្រយុទ្ធគ្នា តាំងពីឆ្នាំ ១៩៧៨ មកម្ល៉េះ តែការផ្ទុះជម្លោះ ម្តងហើយម្តងទៀត នៅតែមាន។ ចុងក្រោយនេះ ក្រុម ហេសបូឡា បានទាញប្រទេសនេះ ចូលក្នុងសង្គ្រាមអ៊ីរ៉ង់ ថែមទៀត ដោយបានផ្តើមបាញ់ទៅលើអ៊ីស្រាអែលមុន កាលពីខែមីនា។
កាលពីខែសីហា កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក បានសម្រេចបញ្ចប់អាណត្តិរបស់ UNIFIL នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
