កូរ៉េខាងត្បូង ប្ដេជ្ញាធ្វើឲ្យឧបទ្វីបកូរ៉េមានសន្តិភាព
សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃ ព្រហស្បតិ៍ បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹងកសាងឧបទ្វីបកូរ៉េដែលមានសន្តិភាព ជាទីដែលមិនភ័យខ្លាចពីការផ្ទុះសង្គ្រាម និងមិនត្រូវការមានជម្លោះ ។
ការសន្យាររបស់លោក Lee ធ្វើឡើងស្របពេលដែលប្រទេសកូរ៉េខាងត្បូង បានប្រារព្ធខួបលើកទី៧៦ នៃការផ្ទុះឡើងនូវសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ដែលមានការចូលរួមពីអតីតយុទ្ធជនសម័យសង្គ្រាម មន្ត្រីរដ្ឋាភិបាល និងមេដឹកនាំយោធា ។
ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងការពារប្រជាជន និងទឹកដី តាមរយៈសមត្ថភាពការពារជាតិដ៏រឹងមាំ ហើយកសាងឧបទ្វីបកូរ៉េដែលមានសន្តិភាព ជាទីដែលគ្មានការភ័យខ្លាចពីការមានសង្គ្រាម និងមិនត្រូវការមានជម្លោះ ។
លោក Lee ដែលមានវ័យ៦២ឆ្នាំរូបនេះ ថែមទាំងបានអះអាងថា ការធានាសន្តិភាព នឹងជាផ្ដល់ការគោរពដ៏អស្ចារ្យបំផុតដល់អ្នកដែលបានពលីជីវិត និងយុវជនដែលបានការពារប្រទេស ។
ជាមួយគ្នានេះ លោក Lee ក៏បានគោរពដល់អតីតយុទ្ធជនកូរ៉េខាងត្បូង និងអន្តរជាតិដែលបានប្រយុទ្ធក្នុងសង្គ្រាមនេះ ដោយនិយាយថា រដ្ឋាភិបាលនឹងបន្តគោរពដល់ការបម្រើរបស់ពួកគេ និងការការពារប្រទេសដែលពួកគេបានជួយកសាងឡើង ។
បើតាម Anadolu, សង្គ្រាមកូរ៉េបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ ហើយបានបញ្ចប់ដោយបទឈប់បាញ់នៅឆ្នាំ១៩៥៣ ដែលធ្វើឲ្យឧបទ្វីបនេះនៅតែស្ថិតក្នុងសង្គ្រាមដដែល ។
កាលនោះ ប្រទេសចំនួន ១៦ បានបញ្ជូនកងទ័ពទៅប្រយុទ្ធ ក្រោមបញ្ជាការរបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រកូរ៉េខាងត្បូង អំឡុងជម្លោះនោះ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
