បេឡារុស ព្រមាន អ៊ុយក្រែន កុំចង់អូសខ្លួនចូលសង្គ្រាម
មីនស្ក៍ ៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា រូបលោកបានព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់ទីក្រុងកៀវ កុំឱ្យព្យាយាមអូសទាញប្រទេសរបស់លោក ឱ្យចូលទៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។
ការព្រមាននេះ កើតឡើងចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែក្តៅគគុក បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចេញឱសានវាទគំរាមកំហែងវាយប្រហារបេឡារុស ប្រសិនបើមិនបិទស្ថានីយ៍បញ្ជូនសញ្ញា ដែលជួយដល់យន្តហោះដ្រូនរបស់រុស្ស៊ី ក្នុងការវាយប្រហារអ៊ុយក្រែនទេនោះ ។
ក្រោយមានការព្រមានពីអ៊ុយក្រែន ស្ថានីយ៍បញ្ជូនសញ្ញាទាំងនោះ ត្រូវបានគេរាយការណ៍ថា បានផ្អាកដំណើរការជាបណ្តោះអាសន្នហើយ ។
បើតាម Straits Times, លោកប្រធានាធិបតី Lukashenko បានទម្លាយឱ្យដឹងថា តំណាងរបស់លោកប្រធានាធិបតី Zelensky បានមកជួបពិភាក្សាផ្ទាល់នៅទីក្រុងមីនស្ក៍ កាលពីពេលថ្មីៗនេះ ។
ក្នុងជំនួបនោះ លោកបានប្រាប់ទៅភាគីអ៊ុយក្រែនច្បាស់ៗថា ប្រសិនបើទីក្រុងកៀវ គិតថា អាចនិយាយគំរាមកំហែង និងព្យាយាមអូសទាញបេឡារុសចូលក្នុងជម្លោះ នោះទម្រង់នៃសង្គ្រាមនឹងផ្លាស់ប្តូរភ្លាមៗ ហើយវានឹងក្លាយជាសង្គ្រាមខុសប្លែកពីមុនទាំងស្រុង ។
ប៉ុន្តែលោក Lukashenko បានសង្កត់ធ្ងន់ថា បេឡារុសប្រកាន់ជំហរស្រឡាញ់សន្តិភាព និងមិនមានបំណងចង់ប្រយុទ្ធជាមួយប្រជាជនអ៊ុយក្រែនឡើយ ។
យ៉ាងណា មេដឹកនាំបេឡារុសរូបនេះបានបញ្ជាក់ច្បាស់ៗថា ទោះបីជាលោកចង់បានសន្តិភាព និងការចរចាក៏ដោយ ក៏គ្រប់កាលៈទេសៈទាំងអស់ បេឡារុសនឹងឈរនៅខាងរុស្ស៊ីជានិច្ច ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ខ្លួន ។
យោងតាមរបាយការណ៍ពីវិទ្យាស្ថានសិក្សាពីសង្គ្រាម ហៅកាត់ (ISW), រុស្ស៊ីកំពុងបង្កើនសម្ពាធលើបេឡារុសឱ្យចូលរួមក្នុងសង្គ្រាមឱ្យបានកាន់តែស៊ីជម្រៅ ។ ប៉ុន្តែលោក Lukashenko នៅតែព្យាយាមដើរលើខ្សែបន្ទាត់ដ៏ស្តើងមួយ ដើម្បីចៀសវាងការបញ្ជូនកងទ័ពផ្ទាល់ទៅក្នុងសមរភូមិ ។
គួរបញ្ជាក់ថា បេឡារុស ជាប្រទេសមានសារៈសំខាន់ខាងយុទ្ធសាស្ត្រ ចំពោះគ្រប់ភាគីទាំងអស់ ប៉ុន្តែត្រូវបានចងភ្ជាប់សម្ព័ន្ធភាពយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី និងមានព្រំដែនជាប់ជាមួយប្រទេសរុស្ស៊ី អ៊ុយក្រែន និងរដ្ឋណាតូចំនួនប៣ ផ្សេងទៀត ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
