កម្ពុជា នឹងរៀបចំពិព័រណ៍ឧស្សាហកម្មដ៏ធំប្រចាំឆ្នាំ ២០២៦ នៅខែកក្កដា ខាងមុខ

អត្ថបទដោយ៖
Hour Laing

ភ្នំពេញ៖ សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «សន្និសីទអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មកម្ពុជា» ក្រោមការគាំទ្ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

 
ពិព័រណ៍នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។ ទំហំពិព័រណ៍មានផ្ទៃដីសរុបលើសពី ៦,០០០​ ម៉ែត្រការ៉េ និងមានស្តង់ពិព័រណ៍ស្តង់ដាជាង ២០០ស្តង់ ដែលធ្វើឱ្យវាក្លាយជាពិព័រណ៍ឧស្សាហកម្មថ្នាក់ជាតិដ៏ធំ និងមានលក្ខណៈវិជ្ជាជីវៈខ្ពស់បំផុតមួយនៅកម្ពុជាក្នុងឆ្នាំ២០២៦។


 
ព្រឹត្តិការណ៍អភិវឌ្ឍន៍ឧស្សាកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មកម្ពុជាលើកទី១ ឆ្នាំ២០២៦ នេះ ស្របគ្នាយ៉ាងជិតស្និទ្ធទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មជាតិរបស់កម្ពុជា និងផ្តោតលើការដោះស្រាយបញ្ហាប្រឈមសំខាន់ៗ នៃវិស័យឧស្សាហកម្ម ដូចជា ការខ្វះខាតឧស្សាហកម្មគាំទ្រ ការពឹងផ្អែកលើការនាំចូលវត្ថុធាតុដើម និងគ្រឿងចក្រ ការបែកខ្ញែកនៃធនធានឧស្សាហកម្ម និងបណ្ដាញទាក់ទាញវិនិយោគនៅមានកម្រិត។
 
លោក លី ចាន់ប៉ូ ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សហកម្មកម្ពុជា មានប្រសាសន៍ក្នុងកម្មវិធីថា «បច្ចុប្បន្ននេះ វិស័យផលិតកម្មពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ។ ដោយសារកម្ពុជា ជាទីតាំងភូមិសាស្ត្រដ៏អំណោយផល គោលនយោបាយវិនិយោគបើកចំហ និងកម្លាំងពលកម្មដែលមានសក្តានុពល កំពុងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគអន្តរជាតិ ជាពិសេស សហគ្រាសផលិតកម្មពីប្រទេសចិន។


 
«ក្រោមបរិបទនេះ សមាគមរបស់យើងបានកំណត់ចក្ខុវិស័យថា៖ “ជំរុញការធ្វើទំនើបកម្មឧស្សាហកម្មកម្ពុជា និងកសាង ប្រព័ន្ធអេកូឡូស៊ីខ្សែច្រវ៉ាក់ឧស្សាហកម្មដ៏ពេញលេញ” និង បេសកកម្ម៖ “កសាងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឧស្សាហកម្មឈានមុខគេនៅកម្ពុជា ដើម្បីរួមចំណែកដល់ការកសាងប្រទេសជាមហាអំណាចឧស្សាហកម្ម”។» លោកប្រធានសមាគមបានបន្ថែម។
 
ជាមួយគ្នានេះ លោក ហៃ ស៊ីន ប្រធានប្រតិបត្តិនៃសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា បានថ្លែងអំណរគុណដល់ សមាគមធុរកិច្ច និងអង្គការវិជ្ជាជីវៈជាច្រើន ដែលបានចូលរួមសហរៀបចំ និងប្រមូលផ្ដុំធនធានឧស្សាហកម្មដ៏មានតម្លៃ ដើម្បីធានាការរៀបចំព្រឹត្តិការណ៍ប្រកបដោយគុណភាពខ្ពស់។


 
«ផ្នែកផ្សព្វផ្សាយ ព្រឹតិ្តការណ៍នេះបានបង្កើតប្រព័ន្ធផ្សព្វផ្សាយពហុមជ្ឈដ្ឋានយ៉ាងទូលំទូលាយ។ សារព័ត៌មាន និងស្ថានីយទូរទស្សន៍សំខាន់ៗជាង​២០នៅកម្ពុជា នឹងធ្វើការផ្សាយព័ត៌មានជាបន្តបន្ទាប់ ខណៈសារព៍ត៌មានជាង ១៣០ ស្ថាប័ន នៅប្រទេសចិន នឹងចូលរួមផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ។
 
ទន្ទឹមនឹងនេះ ក៏មានការផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook, TikTok, Douyin និងវេទិកាឌីជីថលផ្សេងៗ ដើម្បីបង្កើនការយល់ដឹង និងឥទ្ធិពលរបស់ព្រឹត្តិការណ៍នៅកម្ពុជា ចិន និងតំបន់អាស៊ីអាគ្នេយ៍។» នេះបើតាមការបញ្ចាក់របស់លោក ស៊ីន។


 
ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម បានមានប្រសាសន៍ថា «បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការធ្វើបរិវត្តកម្ម និងការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម ប្រែក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមយ៉ាងសកម្មក្នុងការជំរុញ និងធ្វើឱ្យប្រសើរឡើង នៃរចនាសម្ព័ន្ធឧស្សាហកម្ម ពង្រឹងកិច្ចសហការប្រតិបត្តិការអន្តរជាតិ ដើម្បីទាក់ទាញ វិនិយោគិន ដែលមានគុណភាពខ្ពស់ឱ្យចូលមកវិនិយោគនៅកម្ពុជា។

ឯកឧត្តមបន្តថា «ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តែងតែគាំទ្រយ៉ាងសកម្មចំពោះវេទិកា និងសកម្មភាពនានា ដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សហកម្មរបស់កម្ពុជា។ បន្ថែមពីនោះ ឯកឧត្តមអគ្គនាយក បានសង្កត់ធ្ងន់ថា យើងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍នេះ និងសូមលើកទឹកចិត្តដល់សហគ្រាសទាំងក្នុង និងក្រៅប្រទេសឱ្យចូលរួមយ៉ាងសកម្ម» ។
 
ជាចុងក្រោយ តាងនាមសមាគម ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងស្ថាប័នរដ្ឋពាក់ព័ន្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងការណែនាំដ៏មានតម្លៃ។ សូមអរគុណដល់អង្គភាពសហការរៀបចំ និងសមាគមជាបងប្អូនទាំងអស់ ដែលបានរួមសុខរួមទុក្ខ និងធ្វើការជាមួយយើងជានិច្ច។

សូមស្វាគមន៍យ៉ាង កក់ក្តៅចំពោះសហគ្រាស និងតំណាងអ្នកតាំងពិព័រណ៍ទាំងអស់ ដែលបានធ្វើដំណើរមកពីទីជិតទីឆ្ងាយ។ ហើយសូមថ្លែងការគោរពចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលបានរួមចំណែកផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម៕

ads banner