ក្រសួងប្រៃសណីហ៍បើកវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”

ភ្នំពេញ៖ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋមន្រ្តីស្ដីទីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន” កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល នៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីស្ដីទី បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បាននិងកំពុងកែប្រែទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ របៀបនៃការធ្វើធុរកិច្ច និងការបំពេញការងារទាំងវិស័យសាធារណៈនិងឯកជន ព្រមទាំងបានផ្លាស់ប្តូរទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និងការធ្វើសេចក្តីសម្រេចចិត្ត ជាដើម ដែលទាមទារឱ្យមានការបណ្តុះបណ្តាលគ្រប់កម្រិតទាំងថ្នាក់ដឹកនាំ អ្នកបច្ចេកទេស និងមន្រ្តីរាជការនៃក្រសួង ស្ថាប័ន។ ឯកឧត្តមរដ្ឋមន្រ្តីស្ដីទី បន្តថាបច្ចេកវិទ្យាឌីជីថល បានធ្វើឱ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល និងបង្កើនផលិតភាពក្នុងវិស័យសំខាន់ៗដូចជាការ អប់រំ សុខាភិបាល ការងារ ពាណិជ្ជកម្ម និងរដ្ឋបាលសាធារណៈ ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន” រៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ ដោយបែងចែកជាពីរក្រុមគឺ ក្រុមទី១ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ និងក្រុមទី២ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសម្រិតសម្រាំងប្រធានបទឱ្យស្របទៅនឹងនិន្នាការនៃការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងមានសាស្រ្តាចារ្យអន្តរជាតិដ៏ល្បីឈ្មោះចំនួន ២រូប គឺ លោកសាស្រ្តាចារ្យ ហ្គីដូ ជីណាសូ (GUIDO GIANASSO) ដែលជាអ្នកជំនាញលើភាពជាអ្នកដឹកនាំ និង Cultural Intelligence និងលោកសាស្រ្តាចារ្យ ហ្សីរីស ស៊ី ស្រ៊ីវ៉ាស្តាវ៉ា (Shirish C. Srivastava) ជាអ្នកជំនាញបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner