អាមេរិកវាយប្រហារអ៊ីរ៉ង់ជាថ្មី បន្ទាប់ពីមានដ្រូនបំផ្លាញនាវា

វ៉ាស៊ីនតោន ៖ អាមេរិកអះអាង កាលពីថ្ងៃសុក្រថា ខ្លួនបានវាយប្រហារទៅលើអ៊ីរ៉ង់ ទុកជាការឆ្លើយតបនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ទៅលើកប៉ាល់ដឹកទំនិញ នៅច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍។

ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បាននិយាយថា យោធាបានវាយប្រហារទីតាំងមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ព្រមទាំង ទីតាំងរ៉ាដា នៅតាមឆ្នេរសមុទ្រ ក្នុងប្រទេសអ៊ីរ៉ង់។

បើតាម CNA, នេះគឺជាការសាកល្បងដ៏សំខាន់បំផុត នៃអនុស្សរណៈយោគយល់បណ្តោះអាសន្ន ដែលឈានដល់មួយសប្តាហ៍មុន ដោយប្រទេសទាំងពីរចាប់ផ្តើមធ្វើការ ដើម្បីឈានទៅបញ្ចប់សង្រ្គាម ដែលអូសបន្លាយជាច្រើនខែ និង បើកផ្លូវទឹកដ៏សំខាន់ឡើងវិញ។

ថ្លែងនៅសេតវិមានភ្លាមៗ មុនពេលដែលអាមេរិកវាយប្រហារតបត, ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការវាយប្រហារដោយ ដ្រូន បានរំលោភលើបទឈប់បាញ់។ លោក Trump រៀបរាប់ថា «ពួកគេបានបាញ់ កាលពីម្សិលមិញ ចំនួន៤លើក»។

នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាមានការវាយប្រហារ បើលោក Trump ទទូចថា កិច្ចពិភាក្សា ជាមួយទីក្រុង Tehran ដំណើរការល្អហើយនោះ?, លោក Trump បានឆ្លើយតបវិញ ដោយលើកឡើងពីបញ្ហាមកពីប្រទេសអ៊ីរ៉ង់ ដោយបញ្ជាក់់ថា «ពួកគេមានការគិតខុសគ្នា បន្តិចបន្តួច»។

យ៉ាងណាមិញ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះ ក៏បានចេញមកបញ្ជាក់ថា ខ្លួនបានវាយប្រហារ លើទីតាំងយោធារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មី របស់សហរដ្ឋអាមេរិក។ ប៉ុន្តែ មិនបានផ្តល់ព័ត៌មានលម្អិត អំពីទីតាំងរបស់សហរដ្ឋអាមេរិក ដែលខ្លួនបានកំណត់គោលដៅវាយប្រហារនោះទេ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner