រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពខួរក្បាល គឺជាចំណែកចម្បងនៃការថែទាំសុខភាពបឋម
ភ្នំពេញ៖ ការការពារ សុខភាពប្រព័ន្ធប្រសាទ គឺជាការការពារសុខភាពប្រជាជន គឺប្រៀបដូចជាការវិនិយោគទៅលើ វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ហើយក៏ជាផ្នែកមួយនៃការកាត់បន្ថយការចំណាយលើសុខភាព និងរួមចំណែកកាត់បន្ថយការចំណាយថវិការបស់ប្រជាពលរដ្ឋ។
ករថ្លែងបែបនេះរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ខណៈបានអញ្ជើញជាអធិបតីបើកសន្និសីទប្រសាទសាស្រ្តលើកទី៦ របស់សមាគមគ្រូពេទ្យប្រសាទសាស្រ្តកម្ពុជា និងសមាគមកម្ពុជាប្រឆាំងជំងឺអេពីឡឹបស៊ី ក្រោមប្រធានបទ៖ «រួមគ្នា យើងអាចបង្ការពិការភាពដោយរក្សាសមត្ថភាពក្នុងមួយជីវិតរបស់យើង»។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃសមាគម ដែលបានខិតខំរួមចំណែកក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនាពេលកន្លងមក និងបន្តលើកកម្ពស់កិត្យានុភាពសុខាភិបាលឱ្យកាន់តែខ្ពង់ខ្ពស់បន្ថែមទៀត។
ឯកឧត្តម ឈាង រ៉ា បញ្ចាក់ថា សន្និសីទនាថ្ងៃនេះ ជាវេទិកាមួយសម្រាប់បញ្ជាក់ឱ្យឃើញថា ការងាររបស់សមាគមទាំងពីរ ដែលបានរួមគ្នាធ្វើកន្លងមក គឺបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈផ្នែកប្រសាទសាស្រ្ត ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមផ្តល់អនុសាសន៍ និងការផ្ដាំផ្ញើមួយចំនួនដល់សមាគម ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខភិបាល ដូចខាងក្រោម៖
១) បន្តអនុវត្តឱ្យបានទៀងទាត់នូវការរៀបចំសន្និសីទប្រសាទសាស្រ្តប្រចាំឆ្នាំ
២) ពង្រឹង និងពង្រីកនូវវិសាលភាពនៃការបណ្ដុះបណ្ដាលបន្តផ្នែកប្រសាទសាស្ត្រ ប្រកបដោយគុណភាព និងគ្របដណ្ដប់ដល់គ្រូពេទ្យបណ្តាខេត្តទូទាំងប្រទេស
៣) បន្តជំរុញការចុះមូលដ្ឋានសុខាភិបាល ដោយក្តាប់ឱ្យជាប់នូវតម្រូវការចាំបាច់ ដើម្បីជួយជំរុញ និងបង្កើនគុណភាព នៃការបង្ការជំងឺមិនឆ្លង ដោយត្រូវពង្រឹងសុវត្ថិភាពនៃការព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺអេពីឡឹបស៊ី ដើម្បីកាត់បន្ថយកម្រិតពិការភាព និងអត្រាមរណភាព។
៤) បង្កើនការបណ្តុះបណ្តាលដល់គ្រូពេទ្យនៅតាមមូលដ្ឋាន សម្រាប់ការបន្តធ្វើកម្មសិក្សានៅមន្ទីរពេទ្យជាតិនានា
៥) ចូលរួមសហការជាមួយអង្គភាពសុខាភិបាលនានាទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមការបណ្ដុះបណ្ដាល និងស្រាវជ្រាវអំពីជំងឺប្រសាទសាស្រ្ត
៦) ពង្រឹងនូវវប្បធម៌នៃការធ្វើការងារជាក្រុម និងពង្រីកនូវវិស័យពហុជំនាញ (subs-specialty) សម្រាប់ជំងឺប្រសាទសាស្រ្ត
៧) បង្កើនសមត្ថភាពក្នុងការស្រាវជ្រាវធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺអេពីឡឹបស៊ីឱ្យបានឆាប់រហ័សទាន់ពេលវេលា
៨) យកចិត្តទុកដាក់បញ្ចូលក្នុងកម្មវិធីបណ្ដុះបណ្ដាលនានារបស់សមាគមនូវកិច្ចការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។
៩) ចូលរួមផ្សព្វផ្សាយការអប់រំសុខភាព ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋយល់ពីការការពារជំងឺមិនឆ្លង។
ជាមួយគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវឱ្យមានការសហការគ្នាឱ្យបានល្អរវាងសហភាតរៈ យោគយល់គ្នា សាមគ្គី និងចែករំលែកនូវបទពិសោធន៍គ្នា ក្នុងស្មារតីគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ចាត់ទុក «អ្នកជំងឺដូចជាសាច់ញាតិគ្រួសាររបស់យើង»៕









