ព្រះមហាក្សត្រកោតសរសើររដ្ឋសភានិងរដ្ឋាភិបាល ក្នុងឱកាសបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យលើរបៀបវារៈសំខាន់ ចំនួនពីរ គឺ ព្រះរាជសារព្រះមហាក្សត្រ និងរបាយការណ៍សកម្មភាពការងារចុងក្រោយរបស់រដ្ឋសភា។
នៅក្នុងព្រះរាជសារផ្ញើជូនសម័យប្រជុំ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចប្រធាន ឃួន សុដារី ដែលបានបំពេញភារកិច្ចស្នូលប្រកបដោយស្មារតីទទួលខុសត្រូវ និងសម្រេចបានលទ្ធផលយ៉ាងច្រើនជាឧត្តមប្រយោជន៍ជូនជាតិនិងប្រជាជន។
ព្រះរាជសារបានគូសរំលេចពីសមិទ្ធផលសំខាន់ៗនាពេលថ្មីៗនេះ រួមមានការអនុម័តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័នលើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលជាឧបករណ៍គតិយុត្តិដ៏មានសារៈសំខាន់ក្នុងការបណ្តុះស្មារតីស្នេហាជាតិដល់យុវជន និងពង្រឹងខឿនការពារអធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងដែនសមុទ្រកម្ពុជា។ ទន្ទឹមនឹងនេះ ព្រះករុណា ក៏បានកោតសរសើរសមាជិករដ្ឋសភា ដែលបានចុះជួបពលរដ្ឋផ្ទាល់ និងរួមចំណែកសហការការពារព្រំដែនដោយសន្តិវិធី។
ជាមួយគ្នានោះដែរព្រះមហាក្សត្របានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានរក្សាយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច តាមរយៈការទាក់ទាញការវិនិយោគ និងលើកស្ទួយជីវភាពពលរដ្ឋ។ ព្រះអង្គក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការការពារទឹកដី និងអភិវឌ្ឍជាតិដោយយកពលរដ្ឋជាស្នូល។
សូមជម្រាបថា ក្នុងរយៈពេល ៣ខែកន្លងមកនេះ រដ្ឋសភាកម្ពុជាបានបំពេញការងារយ៉ាងសកម្មលើមុខងារនីតិកម្ម ភាពជាតំណាង និងការទូតសភា ដោយក្នុងនោះបានអនុម័តច្បាប់សំខាន់ៗមួយចំនួន ដូចជា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ច្បាប់ស្តីពីការធានាទូទាត់លើការទិញថាមពលអគ្គិសនីពីវៀតណាម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ជាដើម៕
ដោយ៖ហេង សម្បត្តិ







