ខេមបូឌា អ៊ែរវ៉េ ប្រកាសបើកដំណើរការជើងហោះហើរថ្មីក្នុងស្រុកតភ្ជាប់រាជធានីខេត្តចំនួន៣
ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានប្រកាសបើកដំណើរការដោយជោគជ័យ នូវជើងហោះហើរថ្មីក្នុងស្រុកពីភ្នំពេញទៅខេត្តសៀមរាប និងពីខេត្តសៀមរាបទៅក្រុងព្រះសីហនុ ដោយប្រើយន្តហោះ ATR 72-600 ។
ក្រុមហ៊ុនបញ្ជាក់ថា ជើងហោះហើរថ្មីពីភ្នំពេញទៅសៀមរាបមានចំនួន ២ជើងក្នុងមួយថ្ងៃ ដោយជើងទី១ ចេញដំណើរពីម៉ោង 09:00 ដល់ម៉ោង 10:05នាទីព្រឹក និងជើងទី២ ចេញដំណើរពីម៉ោង 12:50នាទីដល់ម៉ោង 13:55នាទីរសៀល។
ចំណែកពីខេត្តសៀមរាបមកភ្នំពេញវិញមានចំនួន ២ជើងដូចគ្នា គឺជើងទី១ចេញដំណើរពីម៉ោង 10:55នាទីដល់ម៉ោង 12:00ថ្ងៃត្រង់ និងជើងទី២ ចេញដំណើរពីម៉ោង 18:55នាទីដល់ម៉ោង 20:00យប់។
សម្រាប់ខេត្តសៀមរាបទៅខេត្តព្រះសីហនុវិញ មានចំនួន ២ជើងដូចគ្នាដែរ គឺជើងទី១ចេញដំណើរពីម៉ោង 14:45នាទី ដល់ម៉ោង 16:00ល្ងាច និងជើងទី២ ចេញដំណើរនៅម៉ោង 16:50នាទីដល់ម៉ោង 18:05នាទីល្ងាច។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការបើកដំណើរការជើងហោះហើរថ្មីក្នុងស្រុកនេះ គឺជាឱកាសសម្រាប់ប្រជាពលរដ្ឋនាំគ្រួសារ និងកូនៗឲ្យស្គាល់ការធ្វើដំណើរតាមយន្តហោះ និងជួយជំរុញដល់វិស័យទេសចរណ៍បន្ថែមទៀត។
ជាងនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បញ្ជាក់ថា ជើងហោះហើរថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់អ្នកដំណើរអន្តរជាតិ តាមរយៈការរួមបញ្ចូលគ្នារវាងជើងហោះហើរអន្តរជាតិ និងជើងហោះហើរក្នុងស្រុក ដែលអាចជួយស្តារវិស័យទេសចរណ៍របស់កម្ពុជាឡើងវិញផងដែរ។
រយៈពេល៥ខែដើមឆ្នាំ២០២៦នេះ ការធ្វើដំណើរតាមផ្លូវអាកាសរបស់កម្ពុជាមានចំនួនជិត ២ម៉ឺន ៨ពាន់ជើង ដោយទទួលបានអ្នកដំណើរសរុបជិត ៣លាននាក់៕