កម្ពុជារកចំណូលបានជាង១៨លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ នៅឆមាសទី១ឆ្នាំនេះ
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅឆមាសទី១ ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាង ៣៨ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយផ្តល់ប្រាក់ចំណូលបាន ១៨,៤លានដុល្លារ។ ចំណូលនេះគឺទៀបជាងឆមាសទី១ ឆ្នាំ២០២៥ ប្រមាណ ៣០%។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប យល់ឃើញថា ស្ថានភាពភូមិសាស្ត្រនយោបាយនៅលើពិភពលោក បញ្ហាសង្គ្រាមព្រំដែនកម្ពុជា-ថៃ ជាពិសេសបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ នៅតែជាបញ្ហាប្រឈមសម្រាប់វិស័យទេសចរណ៍កម្ពុជា។ កត្តាទាំងនេះបានបន្ទុចបង្អាក់ភ្ញៀវទេសចរ ដែលចង់មកទស្សនាខេត្តសៀមរាប។
លោក ខៀវ ធី រំពឹងថាការដាក់ចេញយុទ្ធសាស្រ្តថ្មីៗ និងគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិននៅពេលនេះ នឹងជួយឲ្យវិស័យទេសចរណ៍នៅកម្ពុជា មានភាពល្អប្រសើរឡើងវិញ។
យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ កាលពីឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥,៦លាននាក់។ ដោយឡែក ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៥ លាននាក់.
កាលពីសប្តាហ៍មុន រាជរដ្ឋាភិបាលទទួលស្គាល់ថា វិស័យទេសចរណ៍កម្ពុជានៅបន្តស្ថិតក្នុងស្ថានភាពប្រឈមនឹងកត្តាខាងក្រៅមួយចំនួន ជាពិសេស បញ្ហាព្រំដែនកម្ពុជា-ថៃ ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
ក្នុងបរិបទនេះ វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងបន្តមានកំណើនយឺត ប៉ុន្តែនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីនិន្នាការទេសចរក្នុងស្រុក តាមរយៈការអនុវត្តយុទ្ធនាការផ្សេងៗ ពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង»៕
ខន ណារី AMS