អៀរឡង់សន្យាគាំទ្រយ៉ាងខ្ជាប់ខ្ជួន ចំពោះអ៊ុយក្រែន
ឌុយប្លាំង ៖ នាយករដ្ឋមន្ត្រីអៀរឡង់ លោក Michael Martin សន្យាថា នឹង «គាំទ្រយ៉ាងខ្ជាប់ខ្ជួន» ដល់អ៊ុយក្រែន ខណៈដែលទីក្រុង ឌុយប្លាំង ត្រូវធ្វើជាប្រធានប្តូរវេន សហភាពអឺរ៉ុប។
នាយករដ្ឋមន្ត្រីអៀរឡង់ បានអះអាង បែបនេះ ក្នុងពេលទទួលជួប ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលបានធ្វើដំណើរ ទៅកាន់ទីក្រុងឌុយប្លាំង (Dublin) កាលពីថ្ងៃពុធ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា, លោក Michael Martin បានរៀបរាប់ថា អៀរឡង់នឹង «ឈរយ៉ាងរឹងមាំនៅក្បែរប្រជាជនអ៊ុយក្រែន»។ លោក Martin បាននិយាយបន្តថា អៀរឡង់ «ប្តេជ្ញាធានាថា អ៊ុយក្រែនទទួលបានសន្តិភាព និងយុត្តិធម៌ ដែលពួកគេសមនឹងទទួលបាន»។
លោក Zelensky បានថ្លែងអំណរគុណ ដល់ប្រទេសអៀរឡង់ចំពោះ «ការយកចិត្តទុកដាក់ចំពោះអ៊ុយក្រែន» ហើយបានអបអរសាទរប្រទេសនេះ ចំពោះតំណែងប្រធានប្តូរវេនអឺរ៉ុប ដែលលោកបានពិពណ៌នាថា ជាការទទួលខុសត្រូវដ៏ធំធេង។ លោកបានបន្ថែមថា អៀរឡង់បានគាំទ្រអ៊ុយក្រែនតាំងពី «ដើមដំបូង» នៃការឈ្លានពានរបស់រុស្ស៊ី។
លោក Zelensky និយាយថា លោកមានព័ត៌មាន អំពីការរៀបចំមួយផ្សេងទៀត សម្រាប់ការវាយប្រហារដ៏ធំរបស់រុស្ស៊ី ដែលបង្ខំឱ្យរូបលោក ត្រូវត្រឡប់ទៅប្រទេសអ៊ុយក្រែន វិញភ្លាមៗ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
