ប្រមុខណាតូថា សម្រាន្តមិនលក់នៅពេលយប់ ព្រោះតែរុស្ស៊ី

បរទេស ៖ លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បានថ្លែងពីការជឿជាក់ថា រុស្ស៊ីគឺជាការគំរាមកំហែងចម្បងចំពោះសម្ព័ន្ធមិត្តយោធាអន្តរជាតិមួយនេះ ហើយលោកទទួលស្គាល់ថា រឿងនេះ ធ្វើឱ្យរូបលោក មិនអាចសម្រាន្តលក់ នៅក្នុងពេលយប់។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass កាលពីថ្ងៃពុធ។

លោក Mark Rutte រៀបរាប់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Anadolu អំឡុងបទសម្ភាសន៍មួយ នៅមុនកិច្ចប្រជុំកំពូលណាតូ ដែលរៀបចំឡើងនៅប្រទេស តួកគី នាសប្តាហ៍ក្រោយថា «ជាធម្មតា ខ្ញុំព្យាយាមគេងឲ្យលក់ នៅពេលយប់ ប៉ុន្តែ បញ្ហា រុស្ស៊ី ធ្វើឱ្យខ្ញុំ មិនអាចសម្រាន្ត អស់ជាច្រើនយប់»។

លោកបានបន្តថា ទោះបី ប្រទេសចិន កំពុងមានការកសាងយោធារបស់ខ្លួនយ៉ាងច្រើន ដោយគ្រោងនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន១,០០០គ្រាប់ នៅឆ្នាំ២០៣០ ប៉ុន្តែ លោកថា កុំឲ្យបារម្ភខ្លាំងពីទីក្រុងប៉េកាំង ព្រោះ មានតែ រុស្ស៊ី ទេ ដែលជាការគំរាមកំហែងចម្បង ឥឡូវនេះ និង ក្នុងរយៈពេលវែង។

ជុំវិញបញ្ហាទីក្រុងមូស្គូ នេះដែរ , លោក Mark Rutte បានបន្ថែមថា អាទិភាពមួយរបស់សម្ព័ន្ធមិត្តណាតូ គឺត្រូវតែរក្សាការគាំទ្រ ដល់ប្រទេសអ៊ុយក្រែន។

នៅពេលដែលសួរអំពីការរំពឹងទុក របស់លោក សម្រាប់កិច្ចប្រជុំកំពូលណាតូ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៧ និង ទី៨ ខែមិថុនា ខាងមុខនេះ, លោក Mark Rutte បង្ហាញពីក្តីសង្ឃឹមថា បណ្តាមេដឹកនាំប្រទេសណាតូនឹងអនុវត្តការប្តេជ្ញាចិត្តរបស់ពួកគេ ដែលបានសម្រេច កាលពីឆ្នាំមុន ហើយ នោះគឺជាការបង្កើនចំណាយលើវិស័យការពារជាតិ និង ការពង្រឹងឧស្សាហកម្មយោធា កាន់តែខ្លាំងក្លា បន្ថែមទៀត៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner