លោក ត្រាំ ថា ដំណើរការរំសាយអាវុធនុយក្លេអ៊ែរ អ៊ីរ៉ង់ កំពុងវិវត្តទៅរកភាពវិជ្ជមាន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗកាលពីថ្ងៃ ពុធ ថា ការខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ កំពុងមានវឌ្ឍនភាពទៅមុខយ៉ាងល្អប្រសើរ ខណៈដែលកិច្ចចរចាកម្រិតខ្ពស់កំពុងបន្តប្រព្រឹត្តទៅនៅក្នុងប្រទេសកាតា ។
លោក ត្រាំ បានប្រាប់ក្រុមអ្នកកាសែត ដោយនិយាយសំដៅលើបេសកជនពិសេសរបស់គាត់ គឺលោក ស្ទីវ វីតខូហ្វ និងលោក ចារេដ គូស្នឺ ដែលកំពុងបំពេញបេសកកម្មនៅទីក្រុងដូហា ថា ពួកគេបានជួបប្រជុំគ្នាប្រកបដោយលទ្ធផលល្អណាស់ ហើយយើងនឹងរង់ចាំមើលបន្តទៀត ។
ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិករូបនេះ បានច្រានចោលការព្រួយបារម្ភនានា ជុំវិញការផ្ទុះសង្រ្គាមពេញទំហឹងឡើងវិញ ដោយលោកបាននិយាយថា ភាគីអ៊ីរ៉ង់ បានធ្វើសម្បទាន និងឈានដល់ចំណុចវិជ្ជមានមួយដ៏វែងឆ្ងាយ ។
ការអះអាងនេះធ្វើឡើង បន្ទាប់ពីកាសែត Wall Street Journal បានទម្លាយថា ថ្មីៗនេះ លោក ត្រាំ បានពិភាក្សាអំពីលទ្ធភាពប្រើប្រាស់ជម្រើសយោធាពេញទំហឹងប្រឆាំងអ៊ីរ៉ង់ ជាមួយក្រុមទីប្រឹក្សាយោធាជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រីសង្គ្រាមអាមេរិក លោក ភីត ហេកសេត ។
យ៉ាងណាក៏ដោយ សម្រាប់ពេលបច្ចុប្បន្ន មេដឹកនាំអាមេរិករូបនេះ បានសម្រេចចិត្តផ្តល់អាទិភាពខ្ពស់លើផ្លូវការទូតជាមុនសិន ។
បើតាម Anadolu, លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា ទោះបីជាយោធាអាមេរិកបានបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើអ៊ីរ៉ង់ កាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែលោកជឿជាក់ថា យន្តការការទូតនាពេលនេះ កំពុងដំណើរការទៅមុខយ៉ាងមានប្រសិទ្ធភាព ។
យោងតាម Bloomberg, កិច្ចពិភាក្សាផ្នែកបច្ចេកទេសនៅប្រទេសកាតា កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ខណៈអាមេរិក-អ៊ីរ៉ង់ ព្យាយាមស្វែងរកដំណោះស្រាយអចិន្ត្រៃយ៍ ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ ដែលបានអូសបន្លាយពេលជាច្រើនខែកន្លងមកនេះ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
