ម្នាស់ទឹកឃ្មុំស្ទឹងត្រែង មរតកកសិកម្មពីសម័យសង្គមរាស្ត្រនិយម
ភ្នំពេញ៖ ឆ្លងកាត់ប្រវត្តិសាស្ត្រនៃការដាំដុះតាំងពីសម័យសម្តេចឪ ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែងបាននិងកំពុងបង្ហាញសក្តានុពលសេដ្ឋកិច្ច តាមរយៈការផ្តល់ទិន្នផលខ្ពស់ និងបង្កើនប្រាក់ចំណូលដល់សហគមន៍កសិករ។ ភាពអំណោយផលនៃកត្តាភូមិសាស្ត្រដី បានធ្វើឱ្យម្នាស់ប្រភេទនេះមានរសជាតិផ្អែមឆ្ងាញ់ដាច់គេ រហូតត្រូវបានគេទទួលស្គាល់ថា ជាកសិផលគំរូមួយប្រចាំតំបន់ភាគឦសាន។
ម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង មិនត្រឹមតែជាកសិផលដែលមានឱជារសឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រវត្តិសាស្ត្រផ្សារភ្ជាប់ទៅនឹងអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចឪ និងសម្តេចម៉ែ ក្នុងសម័យសង្គមរាស្ត្រនិយមផងដែរ។ កាលពីទសវត្សរ៍ឆ្នាំ៩០ ម្នាស់ប្រភេទនេះត្រូវបានដាំដុះដំបូងនៅស្រុកចម្ការលើ ខេត្តកំពង់ចាម ដើម្បីនាំចេញទៅកាន់ប្រទេសសិង្ហបុរី ដែលធ្វើឱ្យមានការហៅតៗគ្នាកាលនោះថា «ម្នាស់សាំងកាពួរ»។ នេះបើយោងតាមមជ្ឈមណ្ឌលឯកសារកម្ពុជា។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានឱ្យដឹងថា អតីតព្រះមហាក្សត្រខ្មែរធ្លាប់បានយកពូជម្នាស់នេះទៅសាកល្បងដាំដុះនៅខេត្តកំពត និងខេត្តកែបផងដែរ ប៉ុន្តែមិនទទួលបានលទ្ធផលល្អទេ។ ផ្ទុយទៅវិញ លក្ខខណ្ឌបរិស្ថាន និងកត្តាភូមិសាស្ត្រដីដ៏ពិសេសនៃខេត្តស្ទឹងត្រែង បានធ្វើឱ្យម្នាស់នេះមានការលូតលាស់យ៉ាងល្អប្រសើរ និងផ្តល់នូវរសជាតិផ្អែមដូចទឹកឃ្មុំ។
ពាក់ព័ន្ធនឹងការដាំដុះនាពេលបច្ចុប្បន្ន លោក សាយ ពន្លឺចិត្តះ ករុណា ដែលជាអ្នកជំនាញដាំដុះម្នាស់ នៅសហគមន៍ខេត្តស្ទឹងត្រែងបានបង្ហាញថា ផ្ទៃដីដាំដុះម្នាស់ទឹកឃ្មុំនៅក្នុងខេត្តស្ទឹងត្រែងមានប្រមាណ ១៥ហិកតា ដែលកំពុងប្រកបរបរដោយប្រជាពលរដ្ឋចំនួន ១៥គ្រួសារ។
បើតាមអ្នកជំនាញដដែល ជាមធ្យមផ្ទៃដីមួយហិកតាអាចផ្តល់ទិន្នផលម្នាស់ចន្លោះពី ៣៥ ទៅ ៤០តោន ក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណា សម្រាប់កសិករដែលមានបច្ចេកទេសខ្ពស់ អាចជំរុញទិន្នផលឱ្យហក់ឡើងដល់ ៥០ ទៅ ៦០តោនក្នុងមួយហិកតា ហើយផ្លែម្នាស់នីមួយៗមានទម្ងន់ពី ៤ ទៅ ៥គីឡូក្រាម ខណៈកសិករដែលដាំដុះតាមរបៀបទូទៅទទួលបានផ្លែទម្ងន់ពី ១កន្លះ ទៅ ២គីឡូក្រាមប៉ុណ្ណោះ។
អ្នកជំនាញរូបនេះ បានឱ្យដឹងទៀតថា ក្នុងមួយហិកតា អាចរកចំណូលបាន ១ម៉ឺនដុល្លារ ពីការដាំដុះម្នាស់ទឹកឃ្មុំនេះ។
លោក ករុណា បានអធិប្បាយថា ម្នាស់ទឹកឃ្មុំដែលដាំនៅលើទឹកដីខេត្តស្ទឹងត្រែង មានរសជាតិឆ្ងាញ់ និងមានក្លិនក្រអូបឈ្ងុយជាងគេដោយមានកំហាប់ស្ករខ្ពស់។ ផ្នែកបច្ចេកទេសដាំដុះ ទាំងការគ្រប់គ្រងពណ៌ ក្លិន និងរសជាតិ បានធ្វើឱ្យម្នាស់ទឹកទាក់ទាញទេសចរឱ្យចូលទៅកម្សាន្តនៅតំបន់នេះ។
បច្ចុប្បន្ន ទីផ្សារម្នាស់ទឹកឃ្មុំស្ទឹងត្រែង កំពុងមានសក្ដានុពលខ្លាំង តាមរយៈការទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តដល់ចម្ការ ការលក់នៅក្នុងខេត្ត និងការដឹកជញ្ជូនទៅផ្គត់ផ្គង់នៅរាជធានីភ្នំពេញ។ ក្រៅពីការទទួលទានស្រស់ ដែលល្បីល្បាញថាមានអត្ថប្រយោជន៍ចំពោះសុខភាព និងការសម្រកទម្ងន់ ម្នាស់ប្រភេទនេះក៏អាចកែច្នៃជាផលិតផលចម្រុះជាច្រើនដូចជា ទឹកម្នាស់ ស្រាម្នាស់ ជែលលាបនំប៉័ង ម្សៅទឹកផ្លែឈើ និងម្នាស់កំប៉ុង ដែលជួយបង្កើនតម្លៃបន្ថែមដល់កសិផលខ្មែរ។
ទោះជាយ៉ាងណាតំណាងសហគមន៍កសិករដាំម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង បានស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តជួយគាំទ្របន្ថែមទៀត ដើម្បីជំរុញការដាំដុះនៅក្នុងតំបន់នេះឱ្យកាន់តែមានសក្តានុពល និងជួយលើកកម្ពស់ជីវភាពកសិករខ្មែរ ។
សូមជម្រាបថា ខេត្តស្ទឹងត្រែងមានចម្ងាយប្រហែល ៤៥៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ខេត្តនេះស្ថិតនៅភាគឦសាននៃប្រទេស។ទោះជាយ៉ាងណាក៏ដោយ ឯកសារមួយទៀតបានលើកឡើងថា ចម្ងាយពីភ្នំពេញទៅក្រុងស្ទឹងត្រែងគឺ ៣៧០ គីឡូម៉ែត្រ ដែលជាចម្ងាយដែលក្រុមសមាគមស៊ីក្លូកម្ពុជាបានធ្វើដំណើរក្នុងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍។ ខេត្តនេះមានការរីកចម្រើនខ្ពស់ផ្នែកកសិកម្ម និងឧស្សាហកម្ម៕
ដោយ៖ទួន សុផល














