ក្រុមឧទ្ទាមហ៊ូធី គំរាមវាយអារ៉ាប៊ីសាអូឌីត បើសិនហ៊ានរំលោភដែនអាកាសយេម៉ែន
សាណាអា ៖ ក្រុមឧទ្ទាមហ៊ូធី នៅថ្ងៃ សុក្រ បានបោះសម្តីសម្លុតគំរាមធ្ងន់ៗ ថានឹងវាយប្រហារព្រលានយន្តហោះ រួមទាំងទ្រព្យសម្បត្តិសំខាន់ៗរបស់អារ៉ាប៊ីសាអូឌីត ប្រសិនបើប្រទេសនេះ ហ៊ានរំលោភលើដែនអាកាសរបស់យេម៉ែន ឬព្យាយាមវាយប្រហារលើក្រុមប្រដាប់អាវុធពួកគេ ។
ការគំរាមនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ូធីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកមួយនេះ បានចោទប្រកាន់ចំៗថា យន្តហោះចម្បាំងរបស់អារ៉ាប៊ីសាអូឌីត បានហោះរំលោភបំពានដែនអាកាសយេម៉ែន ដើម្បីព្យាយាមរារាំងយន្តហោះស៊ីវិលរបស់អ៊ីរ៉ង់មិនឱ្យចុះចត ។
បើតាម Aljazeera, យន្តហោះដឹកអ្នកដំណើររបស់អ៊ីរ៉ង់នោះ បានដឹកពលរដ្ឋយេម៉ែនរងរបួស និងឈឺជាង ២០០ នាក់ ។ យ៉ាងណា យន្តហោះនេះនៅតែចុះចតនៅយេម៉ែនបានសម្រេច ក្រោយក្រុមហ៊ូធីបាញ់មីស៊ីលការពារដែនអាកាសជាច្រើនគ្រាប់ បង្ខំឱ្យយន្តហោះចម្បាំងអារ៉ាប៊ីសាអូឌីតដកថយវិញ ។
ជុំវិញភាពតានតឹងនេះ អ្នកនាំពាក្យយោធាក្រុមហ៊ូធី លោក Yahya Saree បានព្រមានធ្ងន់ៗថា កងកម្លាំងរបស់ខ្លួនកំពុងស្ថិតក្នុងស្ថានភាព “ម្រាមដៃនៅលើកៃកាំភ្លើងរួចជាស្រេច” ដើម្បីអនុវត្តបទបញ្ជារបស់មេដឹកនាំកំពូល និងបំបែកការបិទខ្ទប់របស់អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ។
ជាការឆ្លើយតប សហព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានប្រកាសច្រានចោលការចោទប្រកាន់នេះ ហើយថែមទាំងថ្កោលទោសការគំរាមកំហែងនេះ ជាមួយនឹងការព្រមានសងសឹកដោយប្រើកម្លាំងបង្រ្កាបមិនធ្លាប់មានពីមុនមក ប្រសិនបើមានការវាយប្រហារណាមួយលើទឹកដីរបស់ខ្លួន ៕
ប្រភព ៖ aljazeera ប្រែសម្រួល ៖ ឈឹម ទីណា
