ជប៉ុន ដាក់មហិច្ឆតាពង្រាយមនុស្សយន្ត AI ចំនួន ១០ លានគ្រឿងនៅឆ្នាំ ២០៤០
តូក្យូ ៖ ជប៉ុន ដែលជាប្រទេសមហាអំណាចឈានមុខគេមួយលើពិភពលោក ខាងផ្នែកបច្ចេកវិទ្យា បានប្រកាសពីមហិច្ឆតាដាក់ពង្រាយមនុស្សយន្តបំពាក់បញ្ញាសិប្បនិម្មិត ហៅកាត់ (AI) ដល់ទៅ ១០ លានគ្រឿង ឱ្យចូលបម្រើការងារក្នុងវិស័យសំខាន់ៗចំនួន ១៨ នៅត្រឹមឆ្នាំ ២០៤០ ។
គោលបំណងដាក់ពង្រាយមនុស្សយន្ត AI ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដើម្បីជួយបំពេញចន្លោះប្រហោងនៃកង្វះខាតកម្លាំងពលកម្ម ដែលបណ្តាលពីបញ្ហាកំណើនប្រជាជនវ័យចំណាស់ និងការធ្លាក់ចុះនៃចំនួនប្រជាជនយ៉ាងគំហុកនៅទូទាំងប្រទេសជប៉ុន ។
បើតាម NHK, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក Ryosei Akazawa បានអះអាងថា ប្រទេសជប៉ុននឹងបង្កើតហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ Physical AI និងបច្ចេកវិទ្យាមនុស្សយន្ត ។
លោកថា ទាំងអស់នេះ ជាវិស័យដ៏មានសក្តានុពលខ្ពស់ និងជាចំណុចខ្លាំងរបស់ជប៉ុន ហើយថា យុទ្ធសាស្រ្តនេះ មានគោលបំណងដណ្តើមប្រៀបឈ្នះនាំមុខបណ្តាប្រទេសនានាលើពិភពលោក និងដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ ។
យោងតាម Japan Times, ដើម្បីសម្រេចគម្រោងខ្នាតយក្សនេះ ប្រទេសជប៉ុននឹងបោះទុនវិនិយោគប្រហែល ៦,១ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំ ។
កញ្ចប់ថវិកាដ៏ច្រើនសម្បើមនេះ នឹងត្រូវយកទៅទ្រទ្រង់ដល់ការបង្កើតប្រព័ន្ធ AI ផ្ទាល់ខ្លួន ក្រោមការដឹកនាំដោយសម្ព័ន្ធក្រុមហ៊ុន Noetra ដែលមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដូចជា SoftBan និង Sony ។
ក្រុមហ៊ុន Noetra នឹងអភិវឌ្ឍជាចម្បងទៅលើបច្ចេកវិទ្យា Physical AI ដើម្បីយកមកប្រើប្រាស់នៅលើម៉ាស៊ីនក្នុងពិភពពិតជាក់ស្តែង ដូចជាមនុស្សយន្ត និងយានយន្តបើកបរដោយស្វ័យប្រវត្តិ ។
គួរបញ្ជាក់ថា ជប៉ុនកំពុងបោះជំហានរត់ប្រណាំងជាមួយបណ្តាប្រទេសដទៃទៀតលើពិភពលោក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ផ្ទាល់ខ្លួន ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធ AI បង្កើតឡើងដោយសហរដ្ឋអាមេរិក និងចិន ។
ក្រៅពីជប៉ុន, កូរ៉េខាងត្បូងក៏ទើបតែបានប្រកាសពីការវិនិយោគលុយដល់ទៅរាប់រយពាន់លានដុល្លារផងដែរ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI និងការផលិតបន្ទះឈីបក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ៕
ប្រភព ៖ NHK និង Japan Times ប្រែសម្រួល ៖ ឈឹម ទីណា