អ៊ីស្រាអែល គ្រោងរំសាយទាហានបម្រុង ១០,០០០ នាក់ ចំពេលមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ
ហ៊្សេរុយសាឡឹម ៖ កងទ័ពអ៊ីស្រាអែលមានគម្រោងរំសាយទាហានបម្រុងរហូតដល់ ១០,០០០ នាក់ នៅត្រឹមចុងខែ កក្កដា ខាងមុខ ។ នេះបើតាម Anadolu ចេញផ្សាយនៅថ្ងៃ អាទិត្យ ម្សិលមិញ ។
វិធានការកាត់បន្ថយទ័ពបម្រុង កើតឡើងចំពេលដែលក្រសួងការពារជាតិអ៊ីស្រាអែល កំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ និងឱនភាពថវិកាដ៏ធំសម្បើម បន្ទាប់ពីការចំណាយលើវិស័យយោធាបានស្ទុះឡើងខ្ពស់មិនធ្លាប់មានពីមុនមក ។
បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Hayom, ចំនួនទាហានបម្រុងដែលកំពុងបំពេញកាតព្វកិច្ចសកម្ម ត្រូវបានរំពឹងថា នឹងត្រូវកាត់បន្ថយពីប្រហែល ៦០,០០0 នាក់ មកនៅត្រឹមប្រមាណ ៥០,០០០ នាក់វិញ ដែលនេះស្តែងឱ្យឃើញពីកង្វះកញ្ចប់ថវិកាឧបត្ថម្ភដល់កងទ័ព ។
យ៉ាងណាមិញ ការសម្រេចចិត្តចុងក្រោយ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងលេចចេញជារូបរាងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
ការកាត់បន្ថយនេះ នឹងជះឥទ្ធិពលដល់កងទ័ពបម្រុង ដែលបម្រើការក្នុង “ប្រព័ន្ធការពារតំបន់” រួមទាំងបុគ្គលិកដែលចាត់តាំងឱ្យការពារសហគមន៍ និងទីលំនៅជុំវិញតំបន់ Gaza Strip និងតំបន់ West Bank ព្រមទាំងបុគ្គលិកនៅតាមទីបញ្ជាការយោធាផងដែរ ។
អ្វីដែលគួរឱ្យកត់សម្គាល់ ផែនការនេះលេចឡើងស្របពេលមានការខ្វែងគំនិតគ្នាខ្លាំង រវាងក្រសួងការពារជាតិ និងក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ីស្រាអែល ជុំវិញបញ្ហាបង្កើនកញ្ចប់ថវិកាការពារជាតិ ។
យ៉ាងណា ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងសម្រុះសម្រួលមួយ ដោយក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលយល់ព្រមផ្តល់មូលនិធិបន្ថែម ក្នុងលក្ខខណ្ឌដែលយោធាត្រូវតែកាត់បន្ថយការពឹងផ្អែកលើកងកម្លាំងបម្រុង និងកាត់បន្ថយការចំណាយលើប្រតិបត្តិការផ្សេងៗ ៕



ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា