សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ផ្ទះថ្មីពីរខ្នងជូនគ្រួសារជនងាយរងគ្រោះបំផុតនៅស្រុកបរសេដ្ឋ
ភ្នំពេញ៖ផ្ទះថ្មីចំនួន ២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនគ្រួសារជនងាយរងគ្រោះបំផុតចំនួន ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីជួយសម្រាល ទុក្ខលំបាក និងផ្តល់ជម្រកដ៏កក់ក្តៅ។
កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ក្រុមការងារ ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាខេត្តកំពង់ស្ពឺ ចុះប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជូនដល់គ្រួសារជនងាយរងគ្រោះបំផុត ស្ថិតនៅភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ។
គ្រួសារដែលទទួលបានផ្ទះថ្មីមាន៖ ទី១ គឺគ្រួសារ លោក ជន ពុត អាយុ ៣៤ឆ្នាំ ជាបុរសពោះម៉ាយទីទ័លក្រ ទទួលបន្ទុកចិញ្ចឹមកូនតូចៗ ២នាក់ និងទី២ គឺគ្រួសារ លោកយាយ ទន់ ពៅ អាយុ ៦០ឆ្នាំ ជាស្ត្រីម៉េម៉ាយចិញ្ចឹមចៅកំព្រា។ ផ្ទះនីមួយៗមានទំហំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់ពីថ្ម ដំបូលស័ង្កសី មានចង្ក្រានបាយ និងបន្ទប់ទឹកស្អាតនៅក្នុងផ្ទះ ដោយចំណាយថវិកាសាងសង់ចំនួន ៧.៩០០ ដុល្លារអាម៉េរិក ក្នុងមួយខ្នង។
នាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវព្រះរាជសុវណ្ណីសួរសុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្រសាសន៍ផ្ដាំផ្ញើនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះម្ចាស់ផ្ទះទាំងពីរ។ ជាមួយគ្នានោះ លោកជំទាវអគ្គលេខាធិការ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ថែទាំផ្ទះសម្បែង រស់នៅស្អាត ហូបស្អាត ផឹកទឹកឆ្អិន និងប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ជាពិសេសការដុតកាកសំណល់ប្លាស្ទិក ដែលបង្កជាផ្សែងពុលប៉ះពាល់ដល់រាងកាយ។
ក្រៅពីផ្ទះថ្មី គ្រួសារទាំងពីរក៏ទទួលបានសម្ភារប្រើប្រាស់ក្នុងផ្ទះបាយ គ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមទាំងថវិកាឧបត្ថម្ភបន្ថែមចំនួន ៥០ម៉ឺនរៀល ក្នុងមួយគ្រួសារផងដែរ។ មិនតែប៉ុណ្ណោះក្រុមការងារក៏បានឆ្លៀតឱកាសសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ជនងាយរងគ្រោះបំផុតចំនួន ២៣គ្រួសារទៀត ដែលបានចូលរួមជាសាក្សី ក្នុងពិធីនោះផងដែរ។
ទង្វើប្រកបដោយសប្បុរសធម៌នេះ បានធ្វើឱ្យគ្រួសារទទួលផលទាំងពីរ រំភើបចិត្តជាខ្លាំងស្ទើរស្រក់ទឹកភ្នែក និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ជីវិតថ្មី និងជម្រកដ៏សមរម្យ ដែលពួកគាត់មិនធ្លាប់នឹកស្មានដល់ក្នុងមួយជីវិត៕







ដោយ៖គ្រី សម្បត្តិ