ព្រឹត្តិការណ៍កីឡាទេសចរណ៍នៅខេត្តកំពង់ធំ ទាក់ទាញអ្នកចូលរួមជាង ២ពាន់នាក់នារដូវកាលបៃតង
ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គឆ្ពោះទៅកាន់ប្រាសាទ សំបូរព្រៃគុក នៃខេត្តកំពង់ធំត្រូវបានរៀបចំឡើងយ៉ាងមហោឡារិក ដើម្បីនាំយកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តនៅ ខេត្តកំពង់ធំនារដូវកាលបៃតងដោយ មានអ្នកចូលរួមជាង ២ពាន់ នាក់។
ព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ធ្វើឡើងក្នុងគោលបំណង ចូលរួមអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលប្រាសាទសំបូរ ព្រៃគុកទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧-៨ កក្កដា ២០២៦ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេន ឡាមុនសម័យអង្គរ»។
ព្រឹត្តិការណ៍នេះ ត្រូវបានបែងចែកជាពីរប្រភេទកីឡាធំៗ គឺការជិះកង់ចម្ងាយ ៤២គីឡូម៉ែត្រ ដែលតម្រូវឱ្យកីឡាករជិះឆ្លងកាត់ សហគមន៍នំក្រឡាន និងសហគមន៍ស្វាយចន្ទី ដើម្បីភ្លក់រសជាតិផលិតផលក្នុងស្រុក មុននឹងឆ្ពោះទៅកាន់ទីដៅចុងក្រោយនៅបរិវេណប្រាសាទ។ ដោយឡែកវិញ្ញាសារត់ឆ្លងកាត់ឧបសគ្គមាន ៣កម្រិត គឺចម្ងាយ ៤២គីឡូម៉ែត្រដោយ ចាប់ផ្តើមចេញពីក្រុងស្ទឹងសែន រួមទាំងចម្ងាយ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ ដែលរៀបចំឡើងនៅជុំវិញតំបន់ប្រាសាទបុរាណផ្ទាល់តែម្តង។
ថ្លែងទៅកាន់អ្នកចូលរួមដែលមានកីឡាជាតិ និងអន្តរចាតិឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការបង្កើតព្រឹត្តិការណ៍កីឡាទេសចរណ៍ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយរំលេចសម្រស់ដ៏ល្អឯកនៃអតីតរាជធានីខ្មែរមុនសម័យអង្គរមួយនេះ ឱ្យកាន់តែល្បីរន្ទឺបន្ថែមទៀត ជាពិសេសនារដូវកាលបៃតងដ៏ស្រស់បំព្រង។
ចំណែកឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្ថែមលើអ្វីដែលឯកឧត្តមអភិបាលខេត្តបានលើកឡើង។ឯកឧត្តម
មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្អួតសម្រស់ធម្មជាតិ និងប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្សព្វផ្សាយពីសក្កានុពលសហគមន៍អេកូទេសចរណ៍ កសិទេសចរណ៍ និងផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋផងដែរ។ នេះជាយុទ្ធសាស្ត្រប្រែក្លាយខេត្តកំពង់ធំ ពី «ខេត្តដែលគេគ្រាន់តែជិះឆ្លងកាត់» ឱ្យទៅជា «គោលដៅស្នាក់នៅកម្សាន្តដ៏ទាក់ទាញ»។
បើតាមឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ ចំនួនភ្ញៀវមកទស្សនាបណ្ដារមណីយដ្ឋាននានាក្នុងខេត្តមានការថយចុះបន្តិច ប៉ុន្តែចំនួនភ្ញៀវទេសចរមកស្នាក់ ពិសេសភ្ញៀវទេសចរអន្តរជាតិមានការកើនឡើងទៅវិញ។
តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ជិះកង់ រដ្ឋបាលខេត្តកំពង់ធំ និងក្រសួងទេសចរណ៍ រំពឹងថានឹងអាចទាក់ទាញលំហូរភ្ញៀវទេសចរមកកាន់តំបន់បេតិកភណ្ឌពិភពលោកមួយនេះកាន់តែច្រើនឡើងបន្ថែមទៀត៕
ដោយ៖ ជាវ ចន្ធូ







