លោក Trump ថា មេដឹកនាំ រុស្ស៊ី-អ៊ុយក្រែន ចង់បញ្ចប់សង្គ្រាម
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃ ចន្ទ បានថ្លែងថា រូបលោកជឿជាក់យ៉ាងមុតមាំថា ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី សុទ្ធតែចង់បញ្ចប់សង្គ្រាមដូចគ្នា ។
មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានបង្ហាញសុទិដ្ឋិនិយមថា កិច្ចចរចាបញ្ឈប់ជម្លោះដ៏ធំនៅអឺរ៉ុបមួយនេះ កំពុងទទួលបានវឌ្ឍនភាពច្រើនជាងអ្វីដែលអ្នកសង្កេតការណ៍ជាច្រើនបានដឹងទៅទៀត ។
បើតាម Anadolu, លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានថា រូបលោកគិតថា លោក ពូទីន ពិតជាទទួលរងសម្ពាធ ដូច្នេះគាត់ចង់បញ្ចប់សង្គ្រាម ហើយអ៊ុយក្រែនក៏ចង់បញ្ចប់វាដែរ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា យើងកំពុងស្ថិតក្នុងការពិភាក្សា ហើយយើងនឹងរង់ចាំមើលថាតើយើងអាចបញ្ចប់វាបានឬទេ ពីព្រោះរូបលោកមានទំនុកចិត្តលើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ។
បើតាមការលើកឡើងរបស់លោក ត្រាំ, សង្គ្រាមអ៊ុយក្រែននឹងក្លាយជាប្រធានបទដ៏សំខាន់មួយ នៅក្នុងកិច្ចពិភាក្សានាពេលខាងមុខ ជាមួយបណ្តាសម្ព័ន្ធមិត្តណាតូ អំឡុងកិច្ចប្រជុំកំពូលក្នុងសប្តាហ៍នេះ នៅរដ្ឋធានីអង់ការ៉ា នៃប្រទេសតួកគី ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
